កណ្តាល ៖ បុរសម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលទៅមើលឪពុកក្មេកឈឺ រួចឃើញកណ្ដុរងាប់ ក៏យកទៅបោះចោលក្នុងស្រះ ស្រាប់តែរអិលជើងធ្លាក់ចូលក្នុងស្រះតែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតឡើង នៅថ្ងៃអាទិត្យ២ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី នៅចំណុចក្នុងស្រះទឹក ភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ស៊ិន មករា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ២ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនជប៉ុន។
តាមការបំភ្លឺរបស់ ឈ្មោះ ម៉ាន ប៊ុនធូ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានមកមើលឪពុកក្មេក ឈឺ នៅផ្ទះស្ថិតក្នុងភូមិជ្រៃរយោង ឃុំកណ្តោក លុះដល់វេលាម៉ោង០៩និង១៥នាទី ថ្ងៃទី០៩ធ្នូ ជនរងគ្រោះបានឃើញកណ្ដុរងាប់ នៅក្នុងផ្ទះ រួចក៏យកសត្វកណ្តុរក្រវាត់ចោលនៅស្រះខាងក្រោយផ្ទះ បន្ទាប់មកនៅវេលាម៉ោង១២និង៣០នាទី ដោយពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏ផ្អើលឆោឡោនាំគ្នាដើររក ស្រាប់តែឃើញស្បែកជើងជនរងគ្រោះអណ្តែតក្នុងទឹកស្រះ រួចរាវរក ក៏ឃើញជនរងគ្រោះលង់ទឹកស្រះស្លាប់បាត់ទៅហើយ។
ក្នុងនោះដែរ ក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចបង្កើតគណៈកម្មការពិនិត្យរួមមាន កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសាកសព ឃើញថា ស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments