ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប រួមជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងភូមិ បានបន្តចុះពិនិត្យគម្រោងផ្លូវចាក់បេតុងឆ្អឹងដែក ផ្លូវទន្លេមេគង្គ និងការដាក់លូក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលជាអំណោយរបស់សាលារាជធានីភ្នំពេញ។
បើតាមចៅសង្កាត់ព្រែកលៀប លោក ព្រាប មុនី បានឲ្យដឹងថា គម្រោងផ្លូវទន្លេមេគង្គនេះ មានប្រវែងបណ្ដោយ៤០៥០ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ កម្រាស់១តឹកកន្លះ ចាប់ពីវត្តគៀនឃ្លាំង រហូតដល់សាលាកសិកម្មព្រែកលៀប ជាអំណោយរបស់សាលារាជធានីភ្នំពេញ។
លោកបន្តថា ផ្លូវ និងលូនេះ ចាប់ផ្តើមស្ថាបនា ក្នុងអំឡុងខែ មិថុនាឆ្នាំ២០១៧ ហើយបច្ចុប្បន្នផ្លូវនេះបានចាក់បេតុងឆ្អឹងដែក ដល់វត្តវារិន្ទ ហៅវត្តព្រែកលៀប ហើយបើតាមការប៉ាន់ស្មានការសាងសង់បានប្រហែល៦០%ភាគរយហើយ នៅសល់៤០%ភាគរយទៀត នឹងប្រឹងឲ្យហើយនៅដំណាច់ខែមករា ឆ្នាំ២០១៩ខាងមុខនេះ។
លោក ព្រាប មុនី បន្តថា មូលហេតុដែលផ្លូវនេះកសាងយឺតយ៉ាវ ដោយសារបញ្ហាប្រឈមជាច្រើន ដូចជា មានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋខ្លះ ប៉ះពាល់នឹងការជីកដាក់លូប៉ះនឹងទុយយោទឹករដ្ឋរវល់រង់ចាំជំនាញ អង្គភាពរដ្ឋករទឹកស្វយ័ត ក៏ដូចជាខ្សែភ្លើងអគ្គិសនីរបស់រដ្ឋផងដែរ។
ជាមួយគ្នានោះ លោកចៅសង្កាត់ ក៏បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវរងផលប៉ះពាល់ខ្លះ ក៏ដូចជាក្នុងការកសាងយឺតយ៉ាវ ហើយលោកក៏សំណូមពរឲ្យពួកគាត់ជួយថែរក្សាផ្លូវ និងលូនេះផង ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរ ព្រោះវាជាសម្បត្តិសាធារណៈ និងជាសម្បត្តិយើងទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments