ភ្នំពេញ ៖ បុរសក្មេងៗចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីមានការសង្ស័យបាននាំខ្លួនពួកគេមកធ្វើការត្រួតពិនិត្យល្បាយទឹកនោម រកឃើញមានផ្ទុកនូវសារធាតុញៀនរួចមក កាលពីអំឡុងថ្ងៃទី០២ ឈានចូលទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៧នាក់ ដែលបានឃាត់ខ្លួនខាងលើនោះ ក្រុមទី១ មានគ្នា២នាក់ ឈ្មោះ សុខហៃ អាយុ២៨ឆ្នាំ និង ឈ្មោះ រ៉ា ឧត្តម អាយុ៣០ឆ្នាំ។
ពួកគេគ្មានមុខរបរ និងស្នាក់នៅផ្ទះជួល នៅសង្កាត់ក្រាំងធ្នង់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង១០ព្រឹក នៅសង្កាត់ក្រាំងធ្នង់ ខណៈពួកគេកំពុងជិះម៉ូតូ។ ក្រុមទី២ មានគ្នា២នាក់ ឈ្មោះ ទេព សុបញ្ញា អាយុ២៣ឆ្នាំ គ្មានមុខរបរ និង ឈ្មោះ នេត ស៊ីនួន អាយុ២៦ឆ្នាំ គ្មានមុខរបរ ពួកគេស្នាក់នៅផ្ទះជួលនៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១៣ ថ្ងៃទី០២ធ្នូនេះ ខណៈពួកគេកំពុងអង្គុយនៅតាមផ្លូវលំក្នុងភូមិ។ ក្រុមទី៣ មានគ្នា២នាក់ ១.ឈ្មោះ ចាន់ សុផានិត អាយុ១៨ឆ្នាំ គ្មានមុខរបរ និង ២.ឈ្មោះ មុំ លីម៉េង អាយុ២១ឆ្នាំ គ្មានមុខរបរ ត្រូវបានចាប់ខ្លួន វេលាម៉ោង១៤និង០០នាទី ថ្ងៃទី០២ធ្នូនេះ ខណៈពួកគេកំពុងដើរតាមផ្លូវលេខ១០០៧ នៅសង្កាត់ភ្នំពេញថ្មី។ ជនទី៧ ឈ្មោះ ហ៊ត ផល្លី អាយុ២៥ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង១កន្លះរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ខណៈគាត់កំពុងដើរតាមផ្លូវក្នុងភូមិ ស្នាក់នៅរបស់គាត់។
ប៉ូលិសនិយាយថា ការឃាត់ខ្លួនជនទាំង៧នាក់ខាងលើ ធ្វើឡើងតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក្នុងយុទ្ធនាការបោសសំអាត និងបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។ ជនសង្ស័យខាងលើ មានទោសពីបទប្រើប្រាស់(សេព)ថ្នាំញៀនខុសច្បាប់ នឹងត្រូវបានបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments