Ad Code

ចោរ​មុខ​ដដែលៗ ធ្លាប់​ជាប់គុក​ ពីបទ​លួច ហើយ​ចេញ​មកវិញ​លួច​ទៀត ជាប់​ខ្នោះ​ដដែល​



​កណ្ដាល ​៖ ​ជនសង្ស័យ​ម្នាក់​ ជា​មុខសញ្ញា​លួច ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ ពេលចេញ​មក​វិញ​លួច​ទៀត ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​និង​៣០​នាទី​ ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។​

ជនរងគ្រោះ​ ឈ្មោះ ប៉ុល វាសនា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ ភូមិ​រទាំង ឃុំ​ភូមិធំ ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ​មន្ត្រីរាជការ។​ ​ជនសង្ស័យ​ឈ្មោះ សាំង សំរេច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​រទាំង ​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ។ ចំណែក​សម្ភារៈ​បាត់បង់​មាន​ទូរស័ព្ទ​ម៉ាក oppo S3​ ចំនួន​០២​គ្រឿង (​ពណ៌ទឹកប៊ិច​១​គ្រឿង ​ពណ៌ ក្រហម​១​គ្រឿង​)។​

​នគរបាល​ស្រុក​កៀនស្វាយ​បានឲ្យ​ដឹងថា​ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ខណៈពេល​ជន​រង​គ្រោះ​បាន​ដេក​នៅ​លើ​សា​ឡុង​ខាងក្រៅ​ផ្ទះ​របស់​ខ្លួន ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ជនរងគ្រោះ ក្រោយមក​ជនរងគ្រោះ​បាន​ឃើញ​ជនសង្ស័យ​រត់​ចេញពី​ក្នុង​បន្ទប់​ក្នុង​ផ្ទះ​របស់ខ្លួន ក៏​បាន​រត់​ដេញតាម​ចាប់​ ប៉ុន្តែ​ដេញ​មិនទាន់​ បាន​រត់​គេចខ្លួនបាត់។

បន្ទាប់មក​ជនរងគ្រោះ​បានមក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ភូមិធំ​ឲ្យជួយ​អន្តរាគមន៍ ក្រោយ​ទទួលបាន​ពាក្យ​នគរបាល​ប៉ុស្តិ៍​ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍ ​ដើម្បី​សាកសួរ​ពី​ដំណើររឿង​ និង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ​​បន្ត​បន្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។

​បញ្ជាក់ ៖ ជនសង្ស័យ ឈ្មោះ​ សាំង សំរេច ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ ​កាលពី​ថ្ងៃទី​២៣ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​ពីបទ​លួច​(​គាស់​ផ្ទះ​)​ ប្រព្រឹត្ត​នៅ​ភូមិ រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៦ ជាប់​រយៈពេល ០៧ ខែ​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu