ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូល កាលពីថ្ងៃត្រង់ទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រកាសសាលដីកាសម្រេចផ្ដន្ទាទោសបុរសជនជាតិវៀតណាម២នាក់ ដាក់ពន្ធនាគារ កំណត់២៥ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ៥០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឆ្លងដែន តាមមាត្រា៤០ នៃច្បាប់ប្រឆាំងគ្រឿងញៀន។
សេចក្ដីសម្រេចនេះ ធ្វើឡើងចំពោះមុខជនជាប់ចោទ វ៉ាន់ វ៉ាយ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម កំបាំងមុខជនជាប់ចោទ ឈ្មោះ ឡេ ម៉េងឡាំ តែចាត់ទុកជាចំពោះមុខ និងចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចសាធារណៈស្វែងរកចាប់ខ្លួនមកផ្ដន្ទាទោសតាមការសម្រេចរបស់តុលាការ។
សូមរំលឹកថា សាលាដំបូង រាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ បានសម្រេចផ្ដន្ទាទោសមេខ្លោងជួញដូរគ្រឿងញៀនជនជាតិវៀតណាម២នាក់ ដាក់គុកម្នាក់ៗ២៥ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៥០លានរៀល ពាក់ព័ន្ធនឹងការរក្សាទុក និងដឹកជញ្ជូនសារធាតុញៀនប្រភេទខេតាមីន (K-Tamines) ទម្ងន់ជាង៣៨.១០០ ក្រាម ប្រព្រឹត្ត កាលពី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។
លោក តុប ឈុនហេង ប្រធានចៅក្រមជំនុំ ជម្រះបានឲ្យដឹងថា បុរសវៀតណាមទាំង២នាក់នេះមានឈ្មោះ វ៉ាន់ វ៉ាយ អាយុ៤៦ឆ្នាំ (នៅ ក្នុង ឃុំ) និង ឡេ ម៉េងឡាំ អាយុ៣០ឆ្នាំ (រត់គេចខ្លួន)។
លោកចៅក្រមបន្តថា ជនជាប់ចោទទាំង២នាក់ ត្រូវបានចោទប្រកាន់ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀនតាមមាត្រា៤០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកវរសេនីយ៍ទោ ឈូក គា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងអង្គសវនាការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ថា វ៉ាន់ វ៉ាយ គឺជាមេខ្លោង ជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដែលលាក់ខ្លួននៅកម្ពុជា។
វ៉ាន់ វ៉ាយ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នៅខាងក្រោយផ្សារអូឡាំពិក ជាប់ពាក់ព័ន្ធនឹងការផ្ញើសារធាតុគ្រឿងញៀនសុទ្ធទម្ងន់ សរុបចំនួន១២,១២គីឡូក្រាម ពីសាខា ប្រៃសណីយ៍ច្បារអំពៅ ទៅកាន់ប្រទេសអូស្ត្រាលី។
លោកបន្ត ថា ការបង្ក្រាបករណីការជួញដូរ គ្រឿងញៀនឆ្លងដែនខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីនគរបាលជាតិបានទទួលព័ត៌មានពីនគរបាលសហព័ន្ធអូស្ត្រាលីពីករណីផ្ញើសារធាតុផ្សំគ្រឿង ញៀន លាក់ បង្កប់ក្នុងតុក្កតាទៅប្រទេសអូស្ត្រាលីចំនួនពីរករណី ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៣ និង ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ តាមប្រៃសណីយ៍ច្បារអំពៅ។
ក្រៅពីនេះ ជនជាប់ចោទបានលាក់ទុកគ្រឿងញៀន នៅក្នុងកន្សែងពោះគោចំនួន១៨កន្លែង មានទម្ងន់ចំនួន៣៨.១០០ក្រាម នៅក្នុងបន្ទប់ខុនដូជួលរបស់គាត់ក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក៕
Source: Kampuchea Thmey Daily
0 Comments