ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមលើកកម្ពស់វិស័យអប់រំ បណ្ដុះបណ្ដាល វិជ្ជាជីវៈ នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារទៅថ្ងៃអនាគត។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ជួយអភិវឌ្ឍន៍លើវិស័យបណ្តុះបណ្តាលនេះ គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងពិភពលោក ពិសេសដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ផងដែរ។
លោកបណ្ឌិត អ៊ិត សំហេង បានស្នើឲ្យផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានា ចូលរួមគាំទ្រ និងលើកផែនការព្រមទាំងកៀរគរជំនួយ និងថវិកាដើម្បីលើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែគុណភាពថែមទៀត។
ជាមួយគ្នានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានជំរុញឲ្យផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ជំនាញ និងការអប់រំ ការបណ្ដុះបណ្ដាល ដោយបញ្ចូលការប្រើប្រាស់ និងចំណេះដឹងពីបច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាឲ្យស្របតាមតម្រូវការទីផ្សារការងារ រួមទាំងបង្កើតយន្តការភាពជាដៃគូរវាងធុរកិច្ច និងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍ និងបណ្ដុះបណ្ដាលជំនាញឌីជីថលថ្មី។
លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា កម្មវិធីអភិវឌ្ឍន៍ និងបណ្តុះបណ្តាលជំនាញឌីជីថលថ្មី នឹងជួយឲ្យយុវជនទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញថ្មីៗ តាមបែបទំនើបទាន់សម័យរបស់ពិភពលោកស្របពេលដែលរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភានេះ ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍មនុស្សជាអាទិភាពទី១ សំដៅលើការអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានកំណត់យ៉ាងច្បាស់ក្នុងចតុកោណទី១។
លោកបណ្ឌិត រដ្ឋមន្ត្រី បានបន្ថែមទៀតថា «ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល គឺទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូ រដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍»។
លោកបណ្ឌិត រដ្ឋមន្ត្រី បានណែនាំឲ្យផ្នែកឯកជនជួយហ្វឹកហាត់ដល់សិស្សរៀនមុខជំនាញវិជ្ជាជីវៈផ្សេងៗ នៅពេលដែលរៀនចប់ ដើម្បីឲ្យពួកគេទទួលបាននូវបទពិសោធន៍ការងារងាយស្រួលក្នុងការស្វែងរកការងារធ្វើបន្ទាប់ពីចេញពីសាលា។
លោកស្រី ខាលីន សាលឺណូ នាយកទីភ្នាក់ងារអភិវឌ្ឍ និងសហប្រតិបត្តិការស្វីស ដែលជាអ្នកសម្របសម្រួលដៃគូអភិវឌ្ឍន៍លើការងារនេះ បានគាំទ្រ និងជំរុញឲ្យដៃគូអភិវឌ្ឍចូលរួមផ្តល់ជំនួយទាំងបច្ចេកទេស និងថវិកាសម្រាប់អភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែរីកចម្រើនថែមទៀត។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ក្រុមការងារបច្ចេកទេសចម្រុះនេះ បានស្នើឲ្យផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមផ្តល់ជាមតិយោបល់សម្រាប់ជាធាតុចូលក្នុងការការរៀបចំផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ២០១៩-២០២៣ខាងមុខផងដែរ៕
Source: Kampuchea Thmey Daily
0 Comments