ប៉ូលិសនិងក្រុមសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអូស្ត្រាលីម្នាក់គឺស្ថិតក្នុងចំណោមសកម្មជនឯករាជ្យគាំទ្រជនជាតិប៉ាពួរាប់រយនាក់ដែលត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្ដាហ៍។
អ្នកនាំពាក្យប៉ូលិសខេត្តជ្វាខាងកើតលោក Frans Barung Mangera បានប្រាប់ AFP ថា សកម្មជន ចំនួន២៣៣នាក់រួមទាំងជនជាតិអូស្ត្រាលីឈ្មោះ Ronda Amy Harman ផងដែរត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍នៅទីក្រុង Surabaya ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសឥណ្ឌូនេស៊ី។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅអន្តេវាសិកដ្ឋាននិស្សិតមួយកន្លែង។
ពួកគេស្ថិតក្នុងចំណោមសកម្មជនជាង៥០០នាក់ដែលត្រូវវាយលុកនៅក្នុងការបង្ក្រាបរបស់ប៉ូលិសទូទាំងប្រទេសហើយស្របគ្នានឹងការប្រមូលផ្តុំថ្ងៃទី១ខែធ្នូដែលជាកាលបរិច្ឆេទប្រជាជនប៉ាពួចាត់ទុកថាជាខួបនៃឯករាជ្យរបស់ពួកគេពីប្រទេសហូឡង់។
កោះប៉ាពូបានប្រកាសខ្លួនឯងថាជាប្រទេសឯករាជ្យមួយនៅឆ្នាំ១៩៦១ប៉ុន្តែឥណ្ឌូនេស៊ីដែលនៅជិតខាងបានត្រួតត្រាតំបន់នេះដោយកងកម្លាំងនៅឆ្នាំ១៩៦៣។ វាបានកាត់យកកោះប៉ាពួជាផ្លូវការក្នុងឆ្នាំ១៩៦៩ជាមួយនឹងការបោះឆ្នោតគាំទ្រដោយអង្គការសហប្រជាជាតិដែលត្រូវបានគេមើលឃើញជាទូទៅថាជារឿងដ៏អាម៉ាស់មួយ។
លោក Mangera បាននិយាយថា មិនមាននរណាម្នាក់ត្រូវបានគេចោទប្រកាន់ជាផ្លូវការទេក្នុងការចាប់ខ្លួននៅ Surabaya រួមទាំងលោកស្រី Harman ផងដែរ។ លោកបានបន្ថែមថា ស្ត្រីអាយុ៣៥ឆ្នាំរូបនេះត្រូវបានរាយការណ៍ទៅកាន់មន្ត្រីអន្តោប្រវេសន៍។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យនៅស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងហ្សាការតាមិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការបំភ្លឺបានឡើយ។
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីបាតុកម្មមួយដែលក្នុងនោះ បាតុករមួយក្រុមទៀតបានគប់ដុំថ្មដាក់ជនជាតិប៉ាពួប្រហែល៣០០នាក់និងបណ្តាលឲ្យមនុស្ស១៦នាក់រងរបួស៕ AFP
Source: Kampuchea Thmey Daily
0 Comments