សៀមរាប ៖ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីចុះសាកសួរសុខទុក្ខ របស់អង្គភាពសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២នាខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី២ ខែធ្នូ ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា ការជួយឧបត្ថម្ភគាំទ្ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាពេលនេះ និងមន្ត្រីទាំងអស់ដែលបានចូលរួមសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ពមួយនេះ ពិតជាមានន័យខ្លាំងណាស់ គឺចូលរួមជួយទៅដល់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ដែលបានបំពេញភារកិច្ច៤០ ឆ្នាំដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។ នេះគឺជាស្មារតីរួមគ្នាខ្លាំងណាស់ ដែលបានជួយគ្នាទៅវិញទៅមក គឺសមរភូមិក្រោយជួយដល់កងទ័ព ហើយកងទ័ពបានជួយការពារជាតិ និងប្រជាជនទាំងមូល។ នេះពិតជាបានបុណ្យកុសលច្រើនណាស់ គឺបុណ្យសម្រាប់ជាតិនេះ និងជាតិក្រោយ គឺសេចក្តីសុខសម្រាប់យើងនៅទូទាំងប្រទេសតែម្តង។ លោកបន្តថា ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ ការចូលរួមរបស់មហាជន មន្ត្រីរាជការ ប្រជាពលរដ្ឋ នៅក្នុងខឿនការពារជាតិ គឺសំខាន់ណាស់ គឺយើងជួយគ្នាទាំងអស់គ្នា។ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយគ្នា ចែករំលែកគ្នាដើម្បីជួយកងទ័ពក្នុងការបំពេញភារកិច្ច។ សម្តេចតេជោ បានប្រកាសជំហរច្បាស់លាស់នៃការចូលរួមពីមន្ត្រីរាជការ ក្រុមហ៊ុនស៊ីវិល និងស្ថាប័នជាច្រើនឲ្យចូលរួមជួយគ្នាទៅវិញទៅមក និងបង្កើតសមិទ្ធផលជាច្រើនបន្ថែមទៅលើអ្វីដែលគោលរបបរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គឺការចូលរួមដោះស្រាយនូវការលំបាកនិងតម្រូវការជាក់ស្តែងដើម្បីយើងកងទ័ពយើងទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងទៀតថា ថ្ងៃនេះគឺជាថ្ងៃដែលយើងអបអរសាទរនៅខួប៤០ ឆ្នាំថ្ងៃ២ធ្នូ នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលជាមូលដ្ឋានយើងចាប់ផ្ដើមឈានទៅដល់ការដណ្តើមជ័យជំនះនៅថ្ងៃ៧មករា ហើយឈានទៅដល់ការធ្វើសកម្មភាព និងការពង្រឹងកសាងជាតិរហូតទៅដល់ការបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨។ នៅសល់តែ២៧ ថ្ងៃទៀតប៉ុណ្ណោះ យើងនឹងប្រារព្ធពិធីខួបទី២០ នៃទិវានយោបាយឈ្នះឈ្នះ ដែលបញ្ចប់សង្គ្រាម៥០០ ឆ្នាំនៅក្នុងប្រទេសរបស់យើង។ បើយើងមិនមាននយោបាយឈ្នះឈ្នះទេ ប្រហែលជាវាយប្រយុទ្ធគ្នាហែកប្រទេសយើងមិនដឹងជាប៉ុន្មានកង់នោះទេ។ អញ្ចឹងហើយបានថ្ងៃនេះនិងនៅក្នុង ខែនេះ មានការអបអរសាទរជាច្រើននូវអ្វីដែលយើងមាន។ លោកបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហាននៅក្នុងកងពលធំលេខ២ ក៏ដូចជានៅទូទាំងកងទ័ព បានធ្វើពលីកម្មច្រើនណាស់នៅក្នុងបុព្វហេតុជាតិមាតុភូមិ។ កងពលធំលេខ២ ក៏បានចូលរួមនៅក្នុងប្រតិបត្តិការការពារការពារបូរណភាពទឹកដី។ អញ្ចឹងអ្វីដែលយើងនិយាយ គឺជាតថភាពជាក់ស្ដែងនៃការការលំបាក និងលទ្ធផលដែលយើងមាន។ អ្វីដែលយើងអបអរសាទរនៅថ្ងៃនេះ គឺយើងទាំងអស់គ្នា ជាពិសេសនាយទាហានជំនាន់ក្រោយត្រូវដឹង និងចាំឲ្យច្បាស់ពីគុណូបការៈរបស់នាយទាហាន វីរយុទ្ធជនយើង ដែលបានលះបង់ជីវិតនៅក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងកសាងប្រទេសជាតិមកដល់ពេលនេះ ហើយយើងត្រូវត្រៀមលក្ខណៈបន្តការការពារទឹកដីរបស់យើងទៅថ្ងៃមុខ កុំឱ្យសង្គ្រាមនិងការបែកបាក់ឬការឈ្លានពាននៅលើទឹកដីរបស់យើង។នេះគឺជាគោលការណ៍សំខាន់របស់រាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយជីវភាពកងទ័ព ពង្រឹងកងទ័ព ការហ្វឹកហ្វឺន ការកសាងជម្រកស្នាក់នៅ ការបំពាក់សម្ភារ:ដើម្បីត្រៀមប្រយុទ្ធ។ ជាពិសេសមិនត្រឹមតែយកចិត្តទុកដាក់នៅក្នុងគោលរបបរបស់កងទ័ពនោះទេ គឺមានការចូលរួមពីមហាជន ជាពិសេសការចូលរួមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករនៅពេលនេះ គឺសំខាន់ណាស់ ដើម្បីផ្ដល់ដល់យោធិនរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
តាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំឲ្យមេបញ្ជាការ ដឹកនាំ ដោះស្រាយជីវភាពប្រចាំថ្ងៃ ពង្រឹងសមត្ថភាពរបស់កងកម្លាំងរបស់យើង។ ដែលនេះ គឺជាមោទនភាពរបស់យើងដែលមានមេដឹកនាំដែលគិតគូរអំពីកងទ័ពជាពិសេស លោកបានគិតគូរគ្រប់វិស័យទាំងអស់។ យើងគ្មានថវិកាធំដូចប្រទេសមួយចំនួន ប៉ុន្តែយើងក៏មិនដេកស្តូកនោះដែរ គឺយើងខិតខំកៀរគរដើម្បីសម្រេចភារកិច្ច។ នេះគឺជាអ្វីដែលជាការខិតខំប្រឹងប្រែង និងការចូលរួមជាច្រើនរបស់អង្គភាពដែលជាសម្ព័ន្ធមេត្រីភាពជួយដល់កងទ័ពរបស់យើង៕
Source: Kampuchea Thmey Daily
0 Comments