ភ្នំពេញ ៖ ដោយមើលឃើញពីភាពលំបាក និងការខ្វះខាតរបស់តារាសិល្បៈជើងចាស់ ដែលបាត់បង់សមត្ថភាពសម្ដែង, សមាគមសិល្បករខ្មែរ ដែលមាន អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានអញ្ជើញសិល្បករ-សិល្បការិនីចាស់ៗ ចំនួន៤រូប មកទទួលអំណោយពីខាងសមាគម តាមរយៈអតីតតារាកំប្លែង នាយ ឃ្លោក។
សកម្មភាព នៃការចែកអំណោយដល់សិល្បករជើងចាស់ទាំង៤រូបនេះ បានធ្វើឡើងនៅទីតាំងសមាគមសិល្បករខ្មែរ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។ ការប្រគល់អំណោយនេះ គឺតាមរយៈអតីតតារាកំប្លែងធ្លាប់មានឈ្មោះល្បី លើវិថីសិល្បៈ គឺ នាយ ឃ្លោក។
បើតាមការបញ្ជាក់ឲ្យដឹងពីខាងសមាគមបានលើកឡើងថា នៅព្រឹកនេះ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨សិល្បកររៀមច្បង៤រូបមានដូចជា ៖១.នាយ គ្រោង ,២.អ្នកមីង ណយ សំណាង,៣.អ្នកមីង សំអឿននិង៤.អ្នកមីង ណយ ស៊ីថា បានមកទទួលអំណោយដែលជាមូលនិធិសិល្បករចាស់ជរានៅសមាគមសិល្បករខ្មែរផ្ទាល់ ដោយមាន លោក ទុំ សារុង (នាយឃ្លោក) ជាអ្នកប្រគល់ជូនផងដែរ។
ប្រភពបានលើកឡើងទៀតថា សមាគម ក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ "មូលនិធិសិល្បករចាស់ជរា" ជាពិសេស សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយៈពេល៥ឆ្នាំ។
សមាគមសិល្បករខ្មែរដដែលនេះបានបន្ថែមថា សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្ដេចទាំងពីរ និងសប្បុរសជនទាំងអស់ឲ្យមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើង រុងរឿងតទៅមុខទៀត។
សូមបញ្ជាក់ថា ចំពោះអំណោយដែលត្រូវបានសមាគមសិល្បករខ្មែរឧបត្ថម្ភផ្តល់ជូនសិល្បករជើងចាស់ទាំង៤រូបខាងលើនេះរួមមានដូចជា អង្ករ២ប៉ាវ ,មី២កេស ,ត្រីខ២យួរ និងថវិកាមួយចំនួនទៀតផងដែរ។ ជាការកត់សម្គាល់ សមាគមសិល្បករខ្មែរ តែងតែបង្ហាញសកម្មភាពមនុស្សធម៌ ដើម្បីចែករំលែកអំណោយខាងលើនេះ ដល់សិល្បករ-សិល្បការិនីជើងចាស់ ដែលបាត់បង់សមត្ថភាព និងជួបការខ្វះខាតជាដើម៕
Source: Kampuchea Thmey Daily
0 Comments