ព្រៃវែង ៖ រថយន្តទេសចរណ៍ដឹកអ្នកដំណើរ១គ្រឿង បែកកង់ក្រឡាប់ធ្លាក់ចូលប្រឡាយទឹក បណ្ដាលឲ្យបុរសជាព្រូឡានម្នាក់ ឈ្លក់ទឹកស្លាប់ និងរបួសស្រាល៤នាក់។
ហេតុការណ៍ខាងលើបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះ គីឡូម៉ែត្រ 63-64 ចំណុចភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។
លោក រស់ វណ្ណា ស្នងការរងនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ខាងលើជារថយន្តរត់ឈ្នួលដឹកអ្នកដំណើរ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២A១១១៦ បើកបរដោយ ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ រថយន្តបានបែកកង់ក្រោយ ហើយក៏រអិលធ្លាក់ពីលើផ្លូវចូលក្នុងប្រឡាយទឹកជាប់ចិញ្ចើមថ្នល់ បណ្ដាលឲ្យស្លាប់ព្រូរថយន្តម្នាក់ ឈ្មោះ ប៉ូយ ផូយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ អង្គរបាន៦ ឃុំអង្គរបានស្រុក កងមាស ខេត្តកំពង់ចាម និងអ្នកដំណើរចំនួន៤នាក់ទៀតរងរបួសស្រាល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងទំនាក់ទំនងរកក្រុមគ្រួសារឲ្យមកទទួលសព ដើម្បីធ្វើបុណ្យ។ ចំណែកអ្នកបើកបរត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពារាំង ជាបណ្ដោះអាសន្ន រីឯរថយន្តសមត្ថកិច្ចកំពុងរករថយន្តស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments