កំពង់ស្ពឺ ៖ បុរស២នាក់ បាននាំគ្នាផឹកស៊ី និងក្លែមសម្ដីទៅវិញទៅមក រហូតដល់ស្រវឹងរៀងៗ ខ្លួនម្នាក់ៗ ចាប់ផ្ដើមជជែកគ្នាកាន់តែឮខ្លាំង ស្តាប់គ្នាលែងបាន កើតជាទំនាស់ ឈានដល់ប្រើអំពើហិង្សាបុរសម្នាក់ដែលធ្លាប់មានប្រពន្ធ៧នាក់ បានទាញកាំបិតផ្គាក់កាប់ទៅលើមិត្តភ័ក្ដិផឹកស៊ីជាមួយគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ លុះដល់រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ទើបសមត្ថកិច្ចឃាត់បានដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា លើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ដែលកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកឱរ៉ាល់ និងភ្នំស្រួច សហការគ្នាស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីព្យាយាមរត់គេចខ្លួន។
ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗ ហើយជនល្មើសបានរត់ចូលព្រៃគេចខ្លួនបាត់។
នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ នៅវេលាម៉ោង១៩និង៣០នាទី ស្ថិតក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនាបង្កឡើងដោយ ឈ្មោះ រិន ឈាន ភេទប្រុស អាយុ៣៧ឆ្នាំ បានយកកាំបិតផ្គាក់កាប់ជនរងគ្រោះឈ្មោះ សែម រ៉ី ភេទប្រុស អាយុ៣៧ឆ្នាំ ចំនួន៤កាំបិត បណ្ដាលឲ្យរបួសធ្ងន់ ខណៈពួកគេទាំង២នាក់ផឹកស៊ីជាមួយគ្នា។
នគរបាលបានបន្តទៀតថា កាលពីឆ្នាំ២០១២ ជនល្មើសធ្លាប់កាប់ជនរងគ្រោះ ឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ៣ ឃុំអន្លង់រមៀត បានរត់គេចខ្លួន ទៅរស់នៅជាមួយប្អូន នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ និងធ្លាប់មានប្រពន្ធរហូតដល់៧នាក់ គឺទី១-នៅដំរីផុង ស្រុកឆ្លូង, ទី២-នៅផ្សារស្នួល ខេត្តក្រចេះ, ទី៣-នៅផ្សារតំបែរ ខេត្តត្បូងឃ្មុំ, ទី៤-នៅតាំងកោគ ខេត្តកំពង់ធំ, ទី៥-នៅផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ, ទី៦-នៅផ្សារតាឡាត់ ខេត្តកំពង់ស្ពឺ, ទី៧-នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ សែម រ៉ី និងជនដៃដល់ ឈ្មោះ រិន ឈាន បាននាំគ្នាផឹកស្រាប្រាជ្ញហូរហែ រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏កើតមានទំនាស់ពាក្យសម្តី និយាយមិនចុះសម្រុងគ្នា ទើបជនដៃដល់ទាញកាំបិតផ្គាក់កាប់លើជនរងគ្រោះ៤កាំបិតបណ្តាលឲ្យដេកស្ដូកស្ដឹងក្នុងថ្លុកឈាម របួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិតភ្លាមៗ។
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments