ភ្នំពេញ ៖ កញ្ញា ពេជ្រ ចរណៃ ដែលត្រូវបានមហាជនមួយចំនួនធំស្គាល់តាមរយៈការសម្តែងដែលកំពុងឆក់បានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីមហាជនជាច្រើននោះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ បានចំណាយពេលវេលាផ្ទាល់ខ្លួន ចុះទៅចែកសម្ភារៈសិក្សាដល់សិស្សសាលាបឋមសិក្សាមួយកន្លែង ដែលមានចម្ងាយឆ្ងាយពីទីរួមខេត្តកំពង់ចាម ឬអាចនិយាយថាជាតំបន់ដាច់ស្រយាល។
ចំពោះសាលាដែលត្រូវបានតារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ ចុះទៅចែកសម្ភារៈសិក្សាដល់សិស្សមានប្រមាណជាង២០០នាក់នេះ មានឈ្មោះថា សាលាបឋមសិក្សាអណ្ដូងដៃ មានទីតាំងស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ បើតាមការបញ្ជាក់ សាលារៀនមួយនេះគឺមានចម្ងាយឆ្ងាយពីទីរួមខេត្ត និងជាតំបន់ដាច់ស្រយាលទៀតផង។
តារាស្រីស្រស់ស្អាត កញ្ញា ពេជ្រ ចរណៃ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា សម្ភារៈសិក្សាដែលត្រូវបានប្រគល់ជូនដល់ពួកគាត់(សិស្ស)រួមមាន ៖ សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័យលុប និងកាបូបជាដើម។
តាមរយៈសកម្មភាពមនុស្សធម៌ចែករំលែកក្តីស្រឡាញ់ដល់សាលាខាងលើនេះដែរ ក៏មានការចូលរួមសហការពីសំណាក់សប្បុរសជនមួយចំនួនទៀតផងដែរ។
កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា កត្តាដែលនាំឲ្យខ្ញុំ និងក្រុមការងារ សម្រេចចុះទៅចែកសម្ភារៈសិក្សាដល់ទឹកដីខេត្តកំពង់ចាមនេះ ក៏ព្រោះតែមើលឃើញការខ្វះខាត និងដោយមានការស្នើសុំពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ម្យ៉ាងទៀត សម្រាប់សម្ភារៈដែលត្រូវបានចំណាយថវិកាទិញទៅចែកជូនពួកគាត់នាពេលនេះ គឺបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជន ហើយពិសេសនោះ គឺបងស្រី ស៊ីវ មី តែម្ដង។
សូមបញ្ជាក់ថា នេះពុំមែនទើបជាលើកទី១នោះទេ ដែលតារាសម្ដែងស្រីសម្ដីផ្អែម កញ្ញា ពេជ្រ ចរណៃ បានបង្ហាញវត្តមានជាមួយសកម្មភាពមនុស្សធម៌ជួយសង្គមតាមរយៈការចែករំលែកក្តីស្រឡាញ់ដល់ក្មេងៗ សិស្សសាលា នៅតំបន់ដាច់ស្រយាលតាមទីរួមខេត្តមួយចំនួន។
មិនតែប៉ុណ្ណោះ ពេជ្រ ចរណៃ ក៏ទទួលបានការគាំទ្រ និងលើកសរសើរចំពោះទឹកចិត្តមនុស្សធម៌នេះពីមហាជនជាច្រើន៕
Source: Kampuchea Thmey Daily
0 Comments