Ad Code

លោក Macron ពិនិត្យមើល​ការខូចខាត​បន្ទាប់ពី​កុបកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ហើយ​អំពាវនាវ​ឲ្យ​មានការ​ចរចា



ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃអាទិត្យ​បាន​ពិនិត្យមើល​ការខូចខាត​ពី​កុបកម្ម​រយៈពេល​មួយថ្ងៃ​នៅ​ទូទាំង​ទីក្រុង​ប៉ារីស​ហើយ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​ដែល​បាន​បញ្ចប់ទៅ​ជាមួយ​ការអំពាវនាវ​ឲ្យ​មាន​កិច្ចពិភាក្សា​បន្ថែមទៀត​ជាមួយ​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ដែល​បានធ្វើ​បាតុកម្ម​រយៈពេល​២​សប្តាហ៍។

លោក Macron បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​និង​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ដើម្បី​បង្កើត​ការឆ្លើយតប​ចំពោះ​អំពើហិង្សា​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​នាក់​រងរបួស​ទូទាំងប្រទេស​។​

វិមាន Elysee បាន​និយាយថា លោកនាយក​រដ្ឋមន្ត្រី Edouard Philippe ត្រូវបាន​គេ​ស្នើ​ឲ្យ​ជួប​អ្នករៀបចំ​បាតុកម្ម​និង​មេដឹកនាំ​គណបក្ស​ដែលជា​ផ្នែក​មួយ​នៃ “​បំណងប្រាថ្នា​ជា​ស្មោះត្រង់​សម្រាប់​ការចរចា​”​។​
​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក Francois de Rugy បាន​ជួប​តំណាង​អ្នក​តវ៉ា​ដែល​គេ​ហៅថា​បាតុករ “​អាវកាក់​ពណ៌​លឿង​” កាលពី​សប្ដាហ៍​មុន​ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​បញ្ចប់​បាតុកម្ម​។​

រដ្ឋាភិបាល​មិនបាន​បដិសេធ​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដើម្បី​ប្រឆាំងនឹង​ការតវ៉ា​នោះទេ​ដែល​បានចាប់ផ្តើម​ដោយសារតែ​ពន្ធ​ប្រេង​ឥន្ទ​នៈ​ប៉ុន្តែ​បានប្រែក្លាយ​ទៅជា​កំហឹង​កាន់តែខ្លាំង​ឡើងលើ​របៀបវារៈ​របស់លោក Macron។​

មុននេះ​លោក​ប្រធានាធិបតី​បាន​វាយតម្លៃ​អំពី​ការខូចខាត​នៅឯ​វិមាន Arc de Triomphe ដែលជា​បូជនីយដ្ឋាន​ដ៏​ធំ​មួយ​សម្រាប់​អ្នកស្លាប់​ក្នុង​សង្គ្រាម​របស់​ប្រទេស​បារាំង​ដែល​ស្ថិតនៅលើ​មហាវិថី​ដ៏​ល្បីល្បាញ Champs Elysees ។ នៅ​ទីនោះ​ក្រុម​កុបករ​បាន​គូរគំនូរ​លើ​ជញ្ជាំង​ហើយ​រើកកាយ​កន្លែង​លក់​សំបុត្រ​និង​កន្លែង​ទទួលភ្ញៀវ​។​

លោក Macron ក៏បាន​ឃើញ​សំណល់​រថយន្ដ​ដែល​ត្រូវ​ដុត​កម្ទេច​និង​អគារ​ដែល​រង​ការបំផ្លិចបំផ្លាញ​ពី​កុបកម្ម​នៅ​កន្លែង​ផ្សេងទៀត​ផងដែរ​។​

ប៉ូលិស​ក្រុងប៉ារីស​បាន​និយាយថា មនុស្ស​ចំនួន​៤១២​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​អំឡុង​ការប៉ះទង្គិច​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​នៅក្នុង​រដ្ឋធានី​ខណៈ​៣៧៨​នាក់​ស្ថិតនៅ​ក្នុងការ​ឃុំឃាំង​។​

មនុស្ស​សរុប​ចំនួន​២៦៣​នាក់​បាន​រងរបួស​នៅ​ទូទាំងប្រទេស​ដោយ​ក្នុងនោះ​មាន​១៣៣​នាក់​រងរបួស​នៅក្នុង​រដ្ឋធានី​រួមទាំង​កងកម្លាំង​សន្តិសុខ​ចំនួន​២៣​នាក់​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu