Ad Code

ក្រុម​យុវជន អ៊ិ​ក​ណៃ​ កម្ពុជា ​នឹង​រៀបចំ​ព្រឹត្តិការណ៍​វោហារស័ព្ទ​សាធារណៈ អ៊ិ​ក​ណៃ លើក​ទី​៤



ភ្នំពេញ ​៖ ​ក្រុម​យុវជន​ អ៊ិ​ក​ណៃ​កម្ពុជា​(Ignite Cambodia) នឹង​រៀបចំ​​​ព្រឹត្តិការណ៍​វោហារស័ព្ទ​សាធារណៈ អ៊ិ​ក​ណៃ លើក​ទី​៤​នៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ នៅ​សាល​សម្ដេច​តេជោ ហ៊ុន សែន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ចាប់ពី​ម៉ោង​១ រសៀល ដោយមាន​ការចូលរួម​ពី​វាគ្មិន​ចំនួន​១៥​រូប និង​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់ មកពី​គ្រឹះស្ថាន​អប់រំ បណ្ដា​អង្គភាព​ឯកជន និង​រដ្ឋ​នានា។

ព្រឹត្តិការណ៍ អ៊ិ​ក​ណៃ​ភ្នំពេញ រៀបចំឡើង​ដោយ​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុម​មាន​សមាជិក​ក្រុម​ចំនួន​១០​នាក់ ក្នុង​នោះ​លោក ជា សុខ​ហ៊ី (​ហៅ Bill)​ ជា​អ្នកដឹកនាំ​ក្រុម។



លោក​សុខ​ហ៊ី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨​ ឲ្យ​ដឹង​ថា “​គោលបំណង​នៃ​កម្មវិធី​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​អាច​កសាង​ទំនុក​ចិត្ត និង​សមត្ថភាព​ខ្លួន​ឯង តាមរយៈ​ការ​និយាយ​ជា​សាធារណៈ។ យើង​មាន​ចក្ខុវិស័យ សិស្ស និស្សិត យុវជន និង​កូន​ខ្មែរ​ទាំងអស់​អាច​ស្វែងយល់ និង​មានឱកាស​ឡើង​ចែករំលែក​ពី​គំនិត និង​រឿងរ៉ាវ​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​បាន​”​។​

លោក​បន្ដ​ថា ក្នុង​នោះ​មាន​ប្រធានបទ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អប់រំ ការ​លើក​ទឹក​ចិ​ត្ដ ការ​ចែករំលែក​អំពី​ភាព​ជោគជ័យ ក្ដី​ស្រមៃ និង​គោលដៅ​របស់​ខ្លួន។ ចំណុច​ពិសេស​របស់​ព្រឹត្តិការណ៍ អ៊ិ​ក​ណៃ ​ភ្នំពេញ គឺ​វាគ្មិន​នីមួយៗ ត្រូវ​ធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ ៥​នាទី និង​ស្លាយ (Slide) ចំនួន​២០​។ ចំណុច​នេះ គឺ​តម្រូវ​ឲ្យ​វាគ្មិន​នីមួយៗ មានការ​ត្រៀម​រៀបចំខ្លួន​យ៉ាង​ល្អ និង​មាន​កម្រិត​ពិបាក​ខ្ពស់។



លោក​បញ្ជាក់​ថា កម្មវិធី​មានការ​ចូលរួម​ពី​សំណាក់​វាគ្មិន​មកពី​គ្រប់​ស្ថាប័ន ដែល​នឹង​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​របស់​ខ្លួន ក្នុង​នោះ​ រួមមាន​ ៖​ លោក កែវ ឡង់ឌី ជា​ស្ថាបនិក​Baby Outlet , កញ្ញា រិទ្ធី លំអរ​ពេជ្រ ជា​ស្ថាបនិក​បុណ្យ​ភូមិ , លោក ឆេង សុភ័ក្ត្រ ជា​ស្ថាបនិក​ទំព័រ​រៀន​ថត , កញ្ញា គឹម ឌី​ណា ជា​អ្នកនិពន្ធ​សៀវភៅ , លោក ឱក ព្រហ្ម​សុ​ដ​ន្ត ដែល​ធ្លាប់​និយាយ​នៅ TED Talks និង​ស្ថាបនិក​ក្រុម​របាំ​ស្រឡាញ់​ភេទ​ដូចគ្នា​ដំបូង​គេ​នៅ​កម្ពុជា​។​



មិន​ត្រឹមតែ​ប៉ុណ្ណោះ អ៊ិ​ក​ណៃ​ភ្នំពេញ (Ignite Phnom Penh) ឆ្នាំនេះ​ត្រូវបាន​ទទួល​ការគាំទ្រ​ធំ​ពី​ក្រុមហ៊ុន​ភេ​ស្ជ​ជៈ Khmer Beverages និង​ក្រុមហ៊ុន Grab Cambodia ជា​ដៃគូ​មធ្យោបាយ​ធ្វើដំណើរ​ផ្ដាច់មុខ និង​ដៃគូ​សំខាន់ៗ​ដូចជា Outsources, EduQue​។

ព្រឹត្តិការណ៍​អ៊ិ​ក​ណៃ បាន​បង្កើត​ឡើង​ដំបូង​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០០៦ ហើយ​បាន​ពង្រីក​ខ្លួន​ដល់​៣៥០​កន្លែង​ទូទាំង​ពិភពលោក​។ ឆ្នាំ​២០១៦ លោក​ជា សុខ ហ៊ី (​ហៅ Bill) និង​កញ្ញា Lucy Tou បាន​នាំយក​កម្មវិធី​នេះ មកកាន់​កម្ពុជា​លើកដំបូង​ ដែល​មាន​អ្នកចូលរួម​ជាង​៧០០ នាក់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu