Ad Code

មកពី​ផឹក​ស្រវឹង ​ហិង្សា​ដាក់​ប្រពន្ធ​ ប្រមូល​សម្ភារៈ​ដុត​កម្ទេច​ចោល​ ត្រូវ​នគរបាល​ក្របួច​យកទៅ​ប៉ុស្តិ៍​ភ្លាម​



​ពោធិ៍សាត់ ៖ បុរស​ចោលម្សៀត​ម្នាក់​ បាន​ផឹកស៊ី​ស្រវឹង​អួទីនួ ដល់ផ្ទះ​ហិង្សា​ដាក់​ប្រពន្ធ​ រួច​ហើយ​ប្រមូល​សម្ភារៈ​នៅ​ក្នុង​ផ្ទះ​បោះចោល​ទៅ​ដី​ ហើយ​ដុត​កម្ទេចចោល តែមួយ​សន្ទុះ​ ត្រូវ​នគរបាល​ក្របួច​យកទៅ​ប៉ុស្តិ៍​។​

​ហេតុការណ៍​ខាង​លើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​យៀង ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​

​ជនសង្ស័យ​ក្នុង​អំពើ​ហិង្សា​នេះ​ ត្រូវ​ លោក រ៉ង សុ​វណ្ណា​រឿង នាយ​ប៉ុស្តិ៍​មូលដ្ឋាន​ឃុំ​តា​លោ​ ប្រាប់​ងា​ឈ្មោះ គឺ​ម វឿន អាយុ​៤០​ឆ្នាំ ដោយ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ភុល តើយ អាយុ​៥២​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

សម្ភារៈ​ដែល​ជនសង្ស័យ​ប្រមូល​ដុតចោល​នោះ​រួមមាន​ មុង​ ភួយ​ សំលៀកបំពាក់ ​ស្រូវ​បី​ការុង កង់​១​គ្រឿង អង្ករ​២០​គីឡូក្រាម សៀវភៅ​កំណើត សៀវភៅ​គ្រួសារ និង​ប័ណ្ណ​ក្រីក្រ​។

​លោក​បន្តថា មុនពេល​កើតហេតុ​ បុរស​នោះ បាន​ដើរ​ផឹកស៊ី​ស្រវឹង​​អួទីនួ​ មិន​ធ្វើ​ការងារ​អី​ទេ ហើយ​ក៏បាន​ចូលមក​ដល់ផ្ទះ​រករឿង​ហិង្សា​ដាក់​ប្រពន្ធ រួច​ទៅ​ប្រមូល​សម្ភារៈ​ក្នុងផ្ទះ​បោះ​ទៅលើ​ដី ដុត​កម្ទេច​ចោល​តែម្ដង​។

​ក្រោយពេល​មាន​ហិង្សា​នេះ​កើតឡើង​ភ្លាម ​កម្លាំង​មូលដ្ឋាន​របស់​លោក បាន​ចុះទៅ​ឃាត់ខ្លួន​មកកាន់​មូលដ្ឋាន​ប៉ុស្តិ៍ ដើម្បី​ចាត់ចែង​នីតិ​វិធី តែ​ដោយ​ខាង​ស្ត្រី​ជា​ប្រពន្ធ បាន​សុំ​អង្វរ​ដល់​សមត្ថកិច្ច ​និង​ដក​ពាក្យបណ្ដឹង ឲ្យ​យក​ប្តីទៅ​អប់រំ​លើកទីមួយ ទុក​ឱកាស​ឲ្យ​កែ​ខ្លួន​ ទើប​សមត្ថកិច្ច​​ ​ធ្វើ​លក្ខខណ្ឌ​ត្រឹមត្រូវ​ រួច​ឲ្យ​ទៅផ្ទះ​វិញ ដោយ​បញ្ចប់​ហិង្សា​ក្នុង​គ្រួសារ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu