ការិយាល័យរដ្ឋអាជ្ញាសាធារណៈ នៅទីក្រុង Florence បានអះអាងកាលពីថ្ងៃចន្ទថា វេជ្ជបណ្ឌិត២រូប ដែលចេញនូវសេចក្តីប្រកាសថា អតីតកីឡាករបាល់ទាត់ក្រុមជម្រើសជាតិអ៊ីតាលី Davide Astori អាចលេងបាន ថ្វីត្បិតតែមានភស្តុតាងថាគាត់មានបញ្ហាបេះដូង មុនពេលការស្លាប់របស់លោកនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត សម្រាប់ការធ្វេសប្រហែសបណ្តាលមនុស្សស្លាប់បែបនេះ។
គួរឲ្យដឹងថា កីឡាករ Astori ដែលជាប្រធានក្រុម Fiorentina ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ នៅទីក្រុងភាគឦសាន Udine កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំនេះ មុនការប្រកួត Serie A ជាមួយក្រុម Udinese ។
ការធ្វើកោសល្យវិច្ច័យសាកសពដំបូង បានបង្ហាញថា កីឡាករវ័យ៣១ឆ្នាំម្នាក់នេះ ស្លាប់ដោយសារចលនាបេះដូងយឺត ពេលដែលបេះដូងរបស់គាត់ដើរយូរមិនឈប់ទាល់តែសោះ ប៉ុន្តែមូលហេតុនេះ មិនច្បាស់លាស់នោះទេ។
វេជ្ជបណ្ឌិតទាំង២នាក់ ដែលមានភារៈពិនិត្យសមត្ថភាពលេងរបស់កីឡាករនោះ បានផ្តល់ការអនុញ្ញាតឲ្យកីឡាករ Astori អាចចូលលេងបាននោះ បម្រើការនៅពេទ្យរដ្ឋស្ថិតនៅក្នុងទីក្រុង Florence និងទីក្រុង Cagliari ជាកន្លែងដែលខ្សែការពារម្នាក់នេះលេងអស់រយៈពេល៨ឆ្នាំមកហើយ។
ការប្រកាសពីការស៊ើបអង្កេតនេះ បានធ្វើឡើង ក្រោយកាសែតប្រចាំថ្ងៃ La Nazione ដែលមានមូលដ្ឋាននៅទីក្រុង Florence បានចុះផ្សាយរឿងរ៉ាវលំអិតនៃការធ្វើតេស្ត២លើក មកលើកីឡាករ កាលពីខែកក្កដា ឆ្នាំ២០១៦ និងខែកក្កដា ឆ្នាំ២០១៧៕
Source: Kampuchea Thmey Daily
0 Comments