ភ្នំពេញ ៖ តារាចម្រៀង ទេព បូព្រឹក្ស បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ អំពីករណីបុរសម្នាក់បានជះស្រាបៀរលើរូបនាង ខណៈនាងកំពុងច្រៀង នៅភោជនីយដ្ឋាន ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀហៃ Hite របស់ប្រទេសកូរ៉េ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយទារទាមជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ ហើយថវិកាទាំងនេះនាងមិនយកទុកសម្រាប់ខ្លួនទេ ដោយនាងនឹងប្រាក់ទាំងនេះទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា។
គួររំលឹកថា នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះស្រាបៀរដាក់រូបនាង នៅចំណុចភោជនីយដ្ឋាន «សមុទ្រ» នៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយនៅរសៀលថ្ងៃទី២៦ខែធ្នូនេះ កញ្ញា ទេព បូព្រឹក្ស បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា រូបនាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូបរួមមាន៖ បុរសដែលបានជះស្រាបៀរមកលើនាងដែលគេមិនស្គាល់ឈ្មោះនិង ម្ចាស់ហាង ,ហើយនិង អ្នករៀបចំកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀហៃ និងស្ត្រីម្នាក់ទៀតដែលគាត់បានអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង ហើយកញ្ញាទេពបូព្រឹក្សបានទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក និងឲ្យជនបង្កដែលជះស្រាបៀមកលើរូបនាងសូមទោសជាសារធារណៈដោយធ្វើសន្និសីទកាសែតផងដែរ។
កញ្ញាទេព បូព្រឹក្ស បានបញ្ជាក់ថា ចំពោះសំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនេះនាង នឹងត្រូវយកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រាហើយនិងតារាចាស់ៗដែលគាត់គ្មានការងារធ្វើ៕
Source: Kampuchea Thmey Daily
0 Comments