Ad Code

សមាជិកសភា​ជប៉ុន អរគុណ កម្ពុជា ដែល​បាន​បោះឆ្នោត​គាំទ្រ ឲ្យ ជប៉ុន ធ្វើ​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ពិព័រណ៍​ពិភពលោក នៅ​ឆ្នាំ​២០២៥



ភ្នំពេញ ​៖ លោក Jun TSUSHIMA និង​លោក Arata TAKEBE សមាជិកសភា​ជប៉ុន និង លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់ ជប៉ុន បាន​ជាប់​ជា​ប្រទេស​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ពិរ​ពណ៌​ពិភពលោក នៅ​ឆ្នាំ​២០២៥​។​

ការថ្លែងអំណរគុណ របស់ សមាជិកសភា​ជប៉ុន បានធ្វើ​ឡើង ក្នុងជំនួប ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ ទីស្តីការក្រសួង ។​



​នា​ឪ​កាស​នោះ រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ តំណាង​សភា​ជប៉ុន មកកាន់​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាននិងកំពុង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា​។​

ជា​មួយ​គ្នា​នេះ លោក Jun TSUSHIMA បាន​មានប្រសាសន៍ថា ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦៥​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន ហើយ​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ទន្ទឹមនឹង​នេះ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់ ជប៉ុន បាន​ជាប់​ជា​ប្រទេស​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ពិព័រណ៍​ពិភពលោក នៅ​ឆ្នាំ​២០២៥ ហើយ​លោក​ក៏បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចូលរួម​ពិព័រណ៍​ពិភពលោក ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ពុង​ផងដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក រដ្ឋមន្ត្រី បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ជួយ​គាំទ្រ​ដល់​កិច្ច​ដំណើរ​ការ​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​នៅ​ខេត្ត​ព្រះសីហនុ និង​ស្នើ​គាំទ្រ​ដល់​ការបង្កើត​មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​ទឹកសាប​ផង​ដែរ ដើម្បី​ជួយ​ដល់​ការ​បង្កើន​ជីវភាព​ប្រជាកសិករ​កម្ពុជា​។ លោក រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សហគមន៍​កសិកម្ម និង​គាំទ្រ​ការអភិវឌ្ឍន៍​ការ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ដោយ​ប្រើប្រាស់​ទឹក​ស្ពែម​សិប្បនិម្មិត ​ស្រប​តាម​បរិបទ​ថ្មី​នៃ​ដំណើរការ​វិវត្តន៍​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​សម័យ​ឌិ​ជថ​ល​។

ជា​ចុងក្រោយ​លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ជួយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​គ្រប់​កម្រិត​ក្នុង​ការសិក្សា​ផ្លាស់​ប្តូរ​បទពិសោធន៍ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ការ​វិវឌ្ឍន៍​ផ្នែក​កសិកម្ម​នៅ​ប្រទេស​ជប៉ុន និង​ស្នើ​ដល់​ប្រទេស​ជប៉ុន​ពិនិត្យ​ពិចារណា​ពី​លទ្ធភាព​ក្នុង​កៀរគរ​អ្នកវិនិយោគទុន​មក​ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ក៏ដូចជា​ការ​ទទួល​ទិញ​នូវ​ផលិតផល​កសិកម្ម​បន្ថែម​ពី​កម្ពុជា​នា​ពេល​ខាងមុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu