ភ្នំពេញ ៖ អាជ្ញាធររាជធានី សុំឲ្យអភិបាលរងខណ្ឌព្រែកព្នៅ ចូលកាន់តំណែងថ្មី ត្រូវទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ជាថ្នាក់ដឹងនាំ បម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយក្រៅពីការងារបម្រើប្រជាពលរដ្ឋ ត្រូវទទួលខុសត្រូវខ្ពស់ក្នុងការរែកពន់ និងជួយបង្កើនប្រសិទ្ធភាពការងារជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី រួមចំណែកក្នុងការពារសុវត្ថិភាពសង្គម ព្រោះវាជាមុខព្រួញឆ្ពោះទៅអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ជាអភិបាលរងខណ្ឌព្រែកព្នៅ នៅសាលាខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៨នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ សុំឲ្យអភិរងខណ្ឌព្រែកព្នៅ ដែលទើបចូលកាន់តំណែងថ្មី ត្រូវទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចជាថ្នាក់ដឹកនាំបំរើប្រជាពលរដ្ឋឲ្យបានល្អនិងជួយបង្កើនប្រសិទ្ធភាពការងារ អភិបាល ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានក៏ដូចរាជធានីភ្នំពេញឲ្យបានកាន់តែរីកចម្រើនបន្តទៀត។
លោកបន្តថា ដើម្បីបន្តនិរន្តរភាពការងាររដ្ឋបាល និងបន្តពង្រីកស្នាដៃ ការងារបានកាន់តែល្អប្រសើរ ឲ្យស័ក្តិសមទៅនិងទំនុកចិត្តរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ អ្នកដែលទើបទទួលមុខតំណែងថ្មី ត្រូវបម្រើការងារជូនប្រជាជនឲ្យស្មោះ ដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើថ្នាក់ដឹកនាំ ពិសេសរដ្ឋាបាលរាជធានីភ្នំពេញតែម្តង។
លោកអភិបាលរងបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារជូនលោកជា វីរៈ ដែលទើបតែងតាំងថ្មីក៏ដូចថ្នាក់ដឹកនាំអភិបាលខណ្ឌទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ក្នុងការភារកិច្ចរបស់ខ្លួនរក្សាភ្ជាប់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីស្វែងយល់ពីការលំបាកបញ្ហាប្រឈមនិងភាពអសកម្មនៅក្នុងមូលដ្ឋានត្រូវប្រមូលផ្តុំដោះស្រាយជាបន្ទាន់តាមភាពជាក់ស្តែងនិងស្នើសុំគោលការណ៍ក្នុងករណីចាំបាច់។
លោក នួន ផារ័ត្ន បញ្ជាក់ថា លោក ជា វីរៈ អភិបាលរងខណ្ឌព្រែកព្នៅ ដែលទើបទទួលមុខតំណែងថ្មី បានទទួលយកនូវការណែននាំរបស់ថ្នាក់ដឹកនាំ និងប្តេជ្ញាចិត្តខិតខំបំពេញការងារ រក្សាសាមគ្គីភាពជាមួយមន្ត្រី បម្រើការងារ ឲ្យបានល្អ ស័ក្តិសមទៅជំនឿទុកចិត្តរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីប្រគល់ជូន។ ក្រៅពីនេះ នឹងខិតខំបង្កើនប្រសិទ្ធភាពការងារជាមួយមន្ត្រី គ្រប់សកម្មភាព ដើម្បី រួមចំណែកកសាង និងអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះផងដែរ លោក ជា វីរៈ បានឡើងប្តេជ្ញាថា ជាមួយមុខដំណែងថ្មីនេះខ្ញុំសូមប្តេជ្ញាចិត្តគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន រដ្ឋធម្មនុញ្ញ និងច្បាប់បទដ្ឋានគតិយុត្តិជាធរមាន អនុវត្តតាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំអស់ពីកម្លាំងកាយចិត្តជួយក្នុងការសម្របសម្រួល ជំរុញ បម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហា នានាជូនប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពដែលរូបខ្ញុំបាទមាន។
សូមបញ្ជាក់ថា ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ លោក ជា វីរៈ ជំនួយការ លោក អភិបាលរាជធានីភ្នំពេញ ត្រូវតែងតាំងជាអភិបាលរងខណ្ឌព្រែកព្នៅ ជំនួសទូច សាលីន ដែលត្រូវផ្លាស់ទៅក្រសួងកសិកម្ម៕
Source: Kampuchea Thmey Daily
0 Comments