Ad Code

អ៊ឹម ជីវ៉ា ធ្វើ​ខួបកំណើត​លើករាសី​ឆ្នាំ​ចុងក្រោយ ​ដោយមាន​ភ្ញៀវ​ចូលរួម​លើស​ពី​ការ​រំពឹងទុក !



​ភ្នំពេញ ​៖ ​តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា ដែល​មហាជន​តែង​ឃើញ​បង្ហាញ​វត្តមាន​តាមរយៈ​ការ​សម្តែង​រឿង និង សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ បាន​អះអាង​នាឱកាស​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ កាលពី​យប់​ថ្ងៃទី​០៩ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ថា ​ខួបកំណើត​ឆ្នាំនេះ ​គឺជា​ឆ្នាំ​ចុងក្រោយ​ហើយ​ ខណៈ​ឆ្នាំកន្លងមក​លោក​តែងតែ​រៀបចំ​ពិធីជប់លៀង ​ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​អបអរ​ជា​បន្តបន្ទាប់​។​

តារា​សម្ដែង​ប្រុស​ លោក អ៊ឹម ជីវ៉ា ​នា​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន ​ដែល​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​ បឹងត្របែក​ ក្រៅ​តែ​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​អរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​ និង​បងប្អូន​សាច់ញាតិ​ហើយ​នោះ​ លោក​ក៏បាន​បញ្ជាក់​ថា នៅ​ឆ្នាំក្រោយៗ​ទៀត​ លោក​នឹង​លែង​មាន​ពិធីជប់លៀង​អបអរ​ខួបកំណើត​ទៀតហើយ​។​

លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់​ថា ខួបកំណើត​យប់មិញ​ គឺជា​ការ​បញ្ចប់​ធ្វើ​ខួប​ត​ទៀតហើយ ចំនួន​ភ្ញៀវ​ចូលរួម​មាន​៣១​តុ​។ ​ខ្ញុំបាទ អ៊ឹម ជីវ៉ា ពិតជា​រំភើប​សប្បាយចិត្ត​រីករាយ​ឥត​ឧបមា ​ខ្ញុំបាទ​មិន​នឹកស្មាន​ថា​ មាន​វត្តមាន​ភ្ញៀវកិត្តិយស​ផ្តល់​កិត្តិយស​យ៉ាងច្រើន​កុះករ​ដូច្នោះ​ឡើយ។ ​ខ្ញុំបាទ សូម​ថ្លែង​អំណរ​អគុណ​ចំពោះ​វត្តមាន​ឯកឧត្ដម លោក​ឧកញ៉ា លោកជំទាវ លោក​ លោកស្រី ​អ្នកនាង​ កញ្ញា សិល្បករ សិល្បៈ​ការិនី​ និង​បណ្ដា​សារ​ព័ត៌មាន​ទាំងអស់​ ដែល​បាន​អាណិត​ស្រលាញ់​រាប់អាន​ខ្ញុំ​ ផ្តល់​វត្តមាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់ខ្ញុំ​។​

តារា​ប្រុស ​លោក អ៊ឹម ជីវ៉ា បន្ត​ថា​ ខ្ញុំបាទ​មិន​នឹកស្មានថា ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​ផ្តល់​កិត្តិយស​យ៉ាង​ច្រើន​កុះករ​ដូច្នោះ​ឡើយ ហើយ​ខ្ញុំ​ក៏​សូម ខន្តី​អភ័យទោស​ ចំពោះ​ការទទួល​របស់​ខ្ញុំបាទ​មិនបាន​ត្រឹមត្រូវ​ មិនបាន​ដិតដល់ ​ការ​យឺតយ៉ាវ ឬ​ភាពខ្វះខាត​នៅ​ចន្លោះ​ណាមួយ​ក្នុង​ពិធី​ សូម​ភ្ញៀវកិត្តិយស​មេត្តា​ខន្តី​អភ័យទោស​ដល់​ខ្ញុំបាទ​ដោយ​ក្តី​យោគយល់ ​និង​អនុគ្រោះ​ដល់​ខ្ញុំ​ផង​ ហើយ​ខ្ញុំ​ នឹង​ចងចាំ​អនុស្សាវរីយ៍ ពេល​វេលា​ដ៏​មានន័យ ​និង​ភាព​កក់ក្តៅ​នេះ​អស់​មួយ​ជីវិត​ខ្ញុំ​។​

លើស​ពី​នេះ​ តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា ក៏បាន​បន្ថែមទៀតថា ​សូម​គោរព​ជូនពរ​ចំពោះ​ឯកឧត្ដម​លោក​ឧកញ៉ា លោកជំទាវ​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា សិល្បករ សិល្បៈ​ការិនី​ និង​បណ្តា​សារ​ព័ត៌មាន​ទាំងអស់ មាន​សុខភាព​ល្អ រក​ទទួលទាន​មានបាន មាន​សុខ​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​ និង​ធ្វើ​ដំណើរ ជោគជ័យ ​សម្រេច​គ្រប់​កិច្ច​ការងារ​ទាំងអស់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu