Ad Code

លោក Macron នឹង​ជួប​ជាមួយ​សហជីព​ហើយ​ថ្លែង​ទៅកាន់​ជនរួមជាតិ​ដើម្បី​ស្វែងរក​ការបញ្ចប់​វិបត្តិ “​អាវកាក់​ពណ៌​លឿង​”



លោក​ប្រធានាធិបតី Emmanuel Macron នឹង​ថ្លែង​ទៅកាន់​ជនរួមជាតិ​អំពី​វិបត្ដិ “​អាវកាក់​ពណ៌​លឿង​” នៅ​ថ្ងៃ​ចន្ទ​ ហើយនឹង​ជួប​ជាមួយ​ពួក​សហជីព​និង​អ្នកដឹកនាំ​អាជីវកម្ម​ដើម្បី​ស្វែងរក​មធ្យោបាយ​បញ្ចប់​ការតវ៉ា​ដែល​បង្ក​ភាពចលាចល​ក្នុងប្រទេស​បារាំង​។​

ការិយាល័យ Elysee បានប្រកាសថា លោក​ប្រធានាធិបតី​នឹង​ថ្លែង​ទៅកាន់​ប្រជាជន​បារាំង​។ នេះ​ជាការ​និយាយ​ជា​សាធារណៈ​លើកដំបូង​របស់គាត់​ប​ន្ទា​ប់​ពី​ផ្ទុះ​ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រយៈពេល​៤​សប្តាហ៍​ដែល​បានប្រែក្លាយ​ទៅជា​អំពើហិង្សា​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​ប៉ារីស​និង​នៅ​ទីក្រុង​ដទៃទៀត​។​

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា អ្នក​និយម​កណ្តា​លវ័យ​៤០​ឆ្នាំ​រូបនេះ​នឹង​ប្រកាស​ពី​វិធានការ​រឹងមាំ​ភ្លាមៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទុក្ខ​កង្វល់​របស់​ក្រុមបាតុករ​។​

ការអំពាវនាវ​បាន​កើនឡើង​នៅ​ទូទាំង​វិសាលភាព​នយោបាយ​អោយមាន​សកម្មភាព​ខ្លាំង​ក្លា​ខណៈពេលដែល​អតីត​គូប្រជែង​ប្រធានាធិបតី​ស្តាំនិយម​លោកស្រី Marine Le Pen បាន​ជំរុញ​អោយ​លោក Macron ទទួលស្គាល់​ការឈឺចាប់​របស់​សង្គម​និង​មានការ​ឆ្លើយតប​ខ្លាំងក្លា​ភ្លាមៗ​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Benjamin Griveaux បាន​ប្រាប់​វិទ្យុ Europe 1 កាលពី​ថ្ងៃអាទិត្យ​ថា “​វា​ច្បាស់​ណាស់​ថា យើង​មើលងាយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដើម្បីអោយ​ពួកគេ​ស្តាប់​”​។​

ទន្ទឹម​នោះដែរ រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​លោក Bruno Le Maire បាន​និយាយថា សប្តាហ៍​នៃ​ភាពចលាចល​គឺជា “​មហន្តរាយ​សេដ្ឋកិច្ច​” សម្រាប់​ប្រទេស​បារាំង​ដែល​បណ្តាលអោយ​មានការ​បំផ្លិចបំផ្លាញ​នៅលើ​ផ្លូវ​ហើយ​រាំងស្ទះ​អ្នកទិញ​ឥ​វ៉ាន់​និង​ភ្ញៀវទេសចរ​មុន​ពិធីបុណ្យ​ណូអែល​។​

គួរបញ្ជាក់​ជាថ្មី​ថា ក្រុម “​អាវកាក់​ពណ៌​លឿង​” បានចាប់ផ្តើម​បិទផ្លូវ​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា​ក្នុងការ​តវ៉ា​ប្រឆាំងនឹង​ការដំឡើង​ពន្ធ​ដែល​ធ្វើអោយ​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​។​

ចាប់តាំងពី​ពេលនោះ​មក ការធ្វើ​បាតុកម្ម​របស់​ពួកគេ​បាន​រាលដាល​ទៅជា​ចលនា​ដ៏​ធំ​មួយ​ប្រឆាំងនឹង​លោក Macron ដែល​ក្រុមអ្នកតវ៉ា​ចោទប្រកាន់ថា មិន​ទាក់ទង​ជាមួយ​ប្រជាជន​សាមញ្ញ​នៅក្នុង​ប្រទេស​បារាំង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu