Ad Code

សេចក្តី​ស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា ៤២ ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រូវបាន​រដ្ឋសភា​អនុម័ត



ភ្នំពេញ​ ៖ ទៅតាម​ការគ្រោងទុក​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា ៤២​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រូវបាន​សម័យប្រជុំរ​ដ្ឋ​សភា​លើក​ទី​១ នីតិកាល​ទី​៦ អនុម័ត​ដោយ​សំឡេង​ ១១៥ លើ ១១៥ សំឡេង នៃ​អង្គ​រដ្ឋសភា​ទាំងមូល​ដែល​បាន​ចូលរួម​។​

សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើ​ដៃ​អនុម័ត នៅវេលា​ម៉ោង​ជិត ៩:00​នាទី ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​នេះ ដោយ​ទុកជា​ការប្រញាប់​។​

ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​ហត្ថលេខី លោក​បណ្ឌិត​រដ្ឋ ជាម យៀប ថ្លែងថា ច្បាប់​នេះ​ស្របតាម​គោលការណ៍​នីតិរដ្ឋ ដើម្បី​លើ​កម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ ក៏ដូចជា​ការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​កម្ពុជា​។ យើងខ្ញុំ​ទាំងអស់គ្នា​ដែលជា​តំណាងរាស្ត្រ​ហត្ថលេខី ទាំង​ចំនួន ៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តីស្នើច្បាប់​នេះ​ឡើង​កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៨ យល់ឃើញថា ច្បាប់​ស្តីពី​គណបក្សនយោបាយ ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​បន្ថែម ដោយ​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការផ្តល់​នីតិសម្បទា​ឡើងវិញ ចំពោះ​អ្នក​ន​យោបាយ ដែល​ត្រូវបាន​តុលាការ​កំពូល​សម្រេច ការហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​តាម​អំណាច​សាលដីកា ហើយ​ដែល​អ្នក នយោបាយ​ទាំងនោះ មិន​បានធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំងនឹង​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​គោលការណ៍​នីតិរដ្ឋ និង​សន្តិសុខ​ជាតិ​។​

លោក​បណ្ឌិត​រដ្ឋ ជាម​យៀប បន្តថា ស្មារតី​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម ដោយ​បញ្ចូល​នូវ​កថាខណ្ឌ​ទី​៣ ដែលមាន​ខ្លឹមសារ​ថា​៖ "​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ឬ ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ ច្បាប់​នេះ បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់ ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

សូមបញ្ជាក់ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ ត្រូវបានធ្វើ​វិសោធនកម្ម ២​លើក រួចមកហើយ លើក​ទី​១ នៅ​ខែ​មិនា ឆ្នាំ ២០១៧ និង​លើក​ទី​២ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។ ការធ្វើ​វិសោធនកម្ម​នាពេល​កន្លងមក ត្រូវបាន​ធ្វើឡើង​ដើម្បី​ពង្រឹង​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​គណបក្ស​ន​យោបាយ ស្របតាម​ការវិវត្តរ​បស់​សង្គម​កម្ពុជា ស្របតាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស និង​ស្របតាម​ឧ​ត្ត​មា​នុ​ភាពជា​អន្តរជាតិ ព្រមទាំង​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu