Ad Code

ឡៅ ចិ​ត្រា និង ចាន់ ប៊ុន​ហឿន អ្នកណា​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​រដូវ​កាល​ទី​៥​ ទម្ងន់​៦០​គីឡូក្រាម ?



ប្រដាល់ ៖ ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ​ រដូវ​កាល​ទី​៥ ទម្ងន់​៦០​គ​.​ក្រ នា​យប់​ថ្ងៃអាទិត្យ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ នៅ​សង្វៀន​បាយ័ន​ស្ទឹងមាន​ជ័យ។​

ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់​៦០​គ​.​ក្រ​នេះ មាន​អ្នក​ប្រដាល់​ខ្មែរ​៤​រូប និង​អ្នក​ប្រដាល់​ថៃ​៣​រូប ​និង​ឡាវ​១​រូប​ចូលរួម ហើយ​ដែល​បាន​បើក​ការប្រកួត​តាំងពី​ថ្ងៃទី​០៩​កញ្ញា​ មក​នោះ បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ។​

​អ្នក​ដែល​ឈ្នះ​តំណែង​ជើងឯក​ខា​រ៉ា​បាវ​នេះ នឹង​ទទួលបាន​ទឹកប្រាក់​រង្វាន់​ចំនួន​៦.០០០​ដុល្លារ​អាមេរិក ជើងឯក​រង​ទទួលបាន​៣.០០០​ដុល្លារ​អាមេរិក។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​របស់​កម្ពុជា​នោះ គឺ​រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ - ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ - ព្រឿង សុជាតិ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។​ ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ទាំង​៣​រូប​វិញ មាន Nuth Kor Kesanon – Yodpayak Kor. Adisorn – Khumpichit Payaknon gh in និង ឡាវ Nampetch Chhor.Champaion ។

ឡៅ ចិ​ត្រា គេ​ជាប់​លេខ​១ ឯ ចាន់ ប៊ុន​ហឿន គេ​ជាប់​លេខ​២​ក្នុងការ​ប្រកួត​ជម្រុះ​វិលជុំ​ចំនួន​៤​ប្រកួត​ម្នាក់ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កន្លងមកនេះ​។​

ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ដោយសារតែ​ប្រវត្តិ​មិនដែល​ជួបគ្នា​នេះហើយ ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ រវាង ​ឡៅ ចិ​ត្រា និង ចាន់ ប៊ុន​ហឿន នេះ។

ចាន់ ប៊ុន​ហឿន មាន​កណ្តាប់ដៃ​ល្អ ខ្លាំង រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ ក៏​ល្អ​ដែរ​។ ចំណែក​កម្លាំង​កាយសម្បទា​របស់គេ ក៏​រឹងមាំ​ផងដែរ។ តែបើ​ប្រៀបធៀប​ជាមួយ ​ឡៅ ចិ​ត្រា ប៊ុន​ហឿន​ ចាញ់​ជង្គង់ កែង ​ចិ​ត្រា ដាច់​តែម្ដង។ ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែលមាន​ចិត្ត​ស្ងប់ វ៉ៃ​មិន​ចេះ​ដក​ថយ​ទេ។​ ទោះបីជា​គេ​ពុំមាន​ផ្លែ​កណ្តាប់ដៃ​ល្អ​យ៉ាងណាក៏ដោយ ក៏​ពេល​ប្រកួត ​ចិ​ត្រា ​ដឹង​តែ​ពី​សម្រុក​ចូល​ទៅរក​គូប្រកួត ដើម្បី​អុក​ជង្គង់ និង​វាយ​កែង ព្រោះ​គេ​មាន​ស្នៀត​ជង្គង់​កែង​ល្អ។ អ្នក​ដែល​ជួប​ប្រកួត​ជាមួយ ចិ​ត្រា សុទ្ធតែ​វេទនា​ខ្លួន​ហើយ។​

ទោះជា​យ៉ាងណា រវាង​ ចាន់ ប៊ុន​ហឿន និង​ឡៅ ចិ​ត្រា នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នក​ណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ។ ត្បិត​ថា ប៊ុន​ហឿន គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ជាច្រើន​នាក់​មកហើយ។​
​ ​
ការប្រកួត​ចុងក្រោយ ចាន់ ប៊ុន​ហឿន វាយ​ឈ្នះ​អ្នក​ប្រដាល់​ឡាវ Nampetch ក្នុង​ទឹក ទី៣។ ចំណែក ការ​ប្រកួត​ចុងក្រោយ​របស់​ ឡៅ ចិ​ត្រា វិញ គឺ​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Khumpichit ក្នុង​ទឹក​ទី​៣​ដែរ ។​

ចាំមើល រវាង​ ចាន់ ប៊ុន​ហឿន និង ឡៅ ចិ​ត្រា នេះ តើន​រណា​ដែលជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៥ ទម្ងន់​៦០​គីឡូក្រាម​នេះ?។​
​ ​
ចំពោះ អ្នក​ប្រដាល់​ឡាវ Nampetch Chhor.Champaion ដែល​ជាប់​លេខ​២​ក្នុង​ពូ​ល​ថៃ​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Khumpichit Payaknonghin ដើម្បី​ដណ្ដើម​ចំណាត់​លេខ​៣។ Nampetch និង Khumpichit មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ ​ដូច្នេះ ការជួបគ្នា​លើក​នេះ មិនដឹងថា ​Nampetch ឬ Khumpichit ទេ​ដែល​ឈ្នះ​ការប្រកួត​នេះ​?។​

ជាមួយនឹង​គូ​ខ្សែក្រវាត់​នេះ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ នៃ​ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ភុំ សា​រ៉ា​យ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ចាន់ វ៉ា​រិ​ទ្ធ គេ​ខ្លាំង​គួរសម​ដែរ។ អ្នក​ប្រដាល់​រូបនេះ បើ​ប្រៀប​ជាមួយ​ ភុំ សា​រ៉ា​យ ប្រហែលជា​មិន​ចាញ់​ សា​រ៉ា​យ​ នោះឡើយ ព្រោះ​អ្នក​ប្រដាល់​ ភុំ សា​រ៉ា​យ ជា​ជើងចាស់ ហើយ​ថ្វីត្បិតតែ​គេ​មាន​ស្នៀត​គុន​ល្អ មាន​បទពិសោធន៍​ប្រកួត រួមទាំង​កលល្បិច​ច្រើន តែ​គេ​អាច​ចាញ់​កម្លាំង ​ចាន់ វ៉ា​រិ​ទ្ធ។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង ​ចាន់ វ៉ា​រិ​ទ្ធ​ និង​ភុំ សា​រ៉ា​យ នោះ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu