កំពង់ឆ្នាំង ៖ ដោយសារការដុតភ្លើងទៀនធូបមិនប្រុងប្រយ័ត្ន និងម្ចាស់មិននៅផ្ទះ ផ្ទះថ្ម១ខ្នង នៅក្នុងភូមិត្រពាំងបី សង្កាត់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈនៅខាងក្នុងផ្ទះអស់ប្រមាណ៤០ភាគរយ។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ រស់ ចាន់ថា ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរជាអ្នកស្នងរូបលោកយាយទេព និងជាអ្នកទស្សន៍ទាយ ដែលក្នុងផ្ទះមានរៀបចំបាយសីជាអាសនៈសម្រាប់គោរពបូជាមួយកំណាត់ផ្ទះ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណី នៃគ្រោះអគ្គិភ័យនេះ បណ្តាលមកពីការដុតភ្លើងទៀនចោលមិនប្រុងប្រយ័ត្ន និងម្ចាស់មិននៅផ្ទះ ទើបបង្កឲ្យមានការឆាបឆេះឡើង។ ក្នុងពេលកើតហេតុប្រជាពលរដ្ឋនៅជិតខាងឃើញផ្សែងខ្មួលខ្មាញ់ពេញផ្ទះ ក៏នាំគ្នាគាស់ទ្វារផ្ទះ និងជួយដងទឹកជះពន្លត់រាប់សិបនាក់ ហើយទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តជួយអន្តរាគមន៍។
ដោយឡែកនៅក្នុងហេតុការណ៍នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង អន្តរាគមន៍បាញ់ពន្លត់ចំនួន៦រថយន្ត ដែលមានរយៈពេលជាង១ម៉ោង និងដោយមានការសាមគ្គីពីប្រជាពលរដ្ឋរាប់សិបអ្នកជួយដងទឹកពន្លត់ផងនោះ ទើបអគ្គិភ័យស្ងប់ស្ងាត់វិញ នៅម៉ោង៥និង៤៥នាទីល្ងាច។
គ្រោះអគ្គិភ័យនេះ បានបង្កឲ្យខូចខាតគ្រឿងអាសនៈ និងឥវ៉ាន់សម្ភារៈនៅក្នុងផ្ទះប្រមាណ៤០ភាគរយ ប៉ុន្តែពុំបណ្តាលឲ្យមានប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។
លោក យិន សាវ៉េន អភិបាលកំពង់ឆ្នាំង និងលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋនៅក្នុងក្រុង និងខេត្តកំពង់ឆ្នាំងទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងទៀនធូប និងការប្រើសប្រាស់ចរន្តអគ្គិសនី បើយើងធ្វេសប្រហែសនោះ គឺគ្រោះអគ្គិភ័យនឹងកើតឡើងមិនខានឡើយ៕
Source: Kampuchea Thmey Daily
0 Comments