ប្រដាល់ ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្ដើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀGanz berg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅយប់ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ជាការប្រកួតជុំចុងក្រោយរបស់ ជី ឆៃលី , គួន សុវណ្ណ ,ចាន់ សាន់ និង វ៉ន វ៉ុន។
សម្រាប់ការប្រកួតជុំទី៤ ដែលជាជុំចុងក្រោយនេះ ជី ឆៃលី អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ គេត្រូវការឈ្នះជាចាំបាច់ ដើម្បីបានឡើងទៅប្រកួតនៅផ្ដាច់ព្រ័ត្រ ដណ្ដើមប្រាក់១០លានរៀលនោះ។
ជី ឆៃលី ថិតក្នុងពូលA ត្រូវជួបប្រកួតជាមួយ គួន សុវណ្ណ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ថិតក្នុងពូល B។ ពួកគេទាំងពីរនេះ ពុំធ្លាប់ដែលប៉ះគ្នាទេកន្លងមក។ ដោយសារថា ឆៃលី ជាអ្នកប្រដាល់ស្រករក្រោយ ហើយ គួន សុវណ្ណ ជាអ្នកប្រដាល់ស្រករមុន ដូច្នេះហើយទើបមិនដែលជួបគ្នានោះ។ ឆៃលី ឆ្លងកាត់ជម្រុះ៣ប្រកួតកន្លងមកនេះ គេឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ។
ចំពោះគួន សុវណ្ណ ពិតមែនតែចាស់វស្សា តែមិនជាមានផ្លែល្អ ដូច ជី ឆៃលី នោះទេ។ សុវណ្ណ ឆ្លងកាត់ការប្រកួតជម្រុះ៣លើកកន្លងមក គេឈ្នះ២ ចាញ់១ប្រកួត មាន៧ពិន្ទុ។ ដូច្នេះ ការប្រកួតជុំចុងក្រោយនេះ សុវណ្ណ ក៏ត្រូវការឈ្នះដែរ តែមិនដឹងថា យកឈ្នះជី ឆៃលី បានឬអត់នោះ?។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរគូម៉ារ៉ាតុង ដណ្ដើមប្រាក់១០លានរៀលវគ្គ៣របស់ក្រុមហ៊ុនស្រាបៀGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ហើយរូបមន្ត នៃការប្រកួត គឺជាការប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល ដោយធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ដោយអ្នកទាំង៨ ត្រូវជួបគ្នាទាំងអស់។ ការប្រកួតជម្រុះទម្លាក់ចោល ៦នាក់ចេញ ទុក២នាក់ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្តើមយកប្រាក់១០
លានរៀលតែម្តង។
ចំណែក ការប្រកួតជម្រុះមួយគូទៀត រវាង ចាន់ សាន់ ក្លិបនិរោធមានជ័យ និងសេក សារ៉ាន់ ក្លិបអង្គរមានជ័យខេត្តសៀមរាប វិញនោះ គឺមិនជាមានសារសំខាន់នោះឡើយ ព្រោះពីរនាក់នេះ ប្រកួតគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយសារពួកគេសុទ្ធតែមកប្រកួតជំនួសគូ(វ៉ន វ៉ុនក្លិបអេភូថងកីឡា និងលីន វណ្ណះ ក្លិបបូរីរាជសីហ៍មានរិទ្ធ) ប៉ុណ្ណោះ។
សូមបញ្ជាក់ថា សម្រាប់វគ្គផ្ដាច់ព្រ័ត្រ អ្នកដែលឈ្នះគឺទទួលបានប្រាក់រង្វាន់១០លានរៀល និង អ្នកចាញ់បាន២លានរៀល៕
Source: Kampuchea Thmey Daily
0 Comments