កណ្ដាល ៖ ក្មេងស្រីម្នាក់ ជាមនុស្សវិកលចរិត បានលង់ទឹកស្លាប់ ខណៈដែលដើរទៅលេងជាមួយអ្នកជិតខាង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃអាទិត្យ ២កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី ចំណុចស្រះទឹក ភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ជាង វណ្ណរ៉ា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ជាមនុស្សវិកលចរិត) មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់) ឪពុកឈ្មោះ ជឺន ជាង អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុ។ រីឯម្តាយឈ្មោះ ប៊ុត ស៊ីផន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុ។
ជនរងគ្រោះមានជំងឺប្រចាំកាយ វិកលចរិត នៅថ្ងៃទី០៩ធ្នូ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះ បានដើរចេញពីផ្ទះទៅលេងជាមួយក្មេងៗជិតខាងជាច្រើននាក់ នៅផ្ទះរបស់ឈ្មោះ ប៊ុត មុំ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាអ៊ំ របស់ជនរងគ្រោះ ពេលក្មេងៗនាំគ្នាលេង ស្រាប់តែបាត់ជនរងគ្រោះ ទើបឈ្មោះ ប៊ុត មុំ ប្រើឲ្យកូនស្រីខ្លួន ឈ្មោះ ហ៊ាង ស្រីនាង និងក្មេងៗ ជាបងប្អូនឲ្យជួយដើររកជនរងគ្រោះ តែរកមិនឃើញ។ ដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃដដែល ឈ្មោះ ហ៊ាង ស្រីនាង ដើរទៅដល់ស្រះទឹកខាងជើងផ្ទះ ឈ្មោះ ប៊ុត មុំ ឃើញសពជនរងគ្រោះអណ្ដែតក្នុងទឹកស្រះចម្ងាយពីមាត់ស្រះបីម៉ែត្រ ឃើញដូច្នេះ ឈ្មោះ ហ៊ាង ស្រីនាង បានមកតាមហៅ ឈ្មោះ ប៊ុត មុំ និងឪពុកម្ដាយជនរងគ្រោះឲ្យមកជួយស្រង់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច។
បន្ទាប់មក សមត្ថកិច្ចផ្នែកបច្ចេកទេសស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់។ តាមការពិនិត្យសាកសពមានទឹកហូរចេញតាមមាត់ និងច្រមុះ ពោះប៉ោង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីផ្សេងទៀតទេ ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សន្និដ្ឋាន ៖ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន៕
Source: Kampuchea Thmey Daily
0 Comments