ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបំពេញតាមបំណងប្រាថ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រសិនបើគាត់រំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការឲ្យដឹងកាលពីថ្ងៃអាទិត្យពីប្រធានាធិបតីកូរ៉េខាងត្បូងក្រោយកិច្ចពិភាក្សាខាងក្រៅជំនួបកំពូល G20។
ខណៈពេលដែលក្រុមមន្ត្រីកំពុងធ្វើការរៀបចំកិច្ចប្រជុំលើកទីពីររវាងលោក ត្រាំ និងលោក គីម, ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានបញ្ជូនសារមួយទៅកាន់អ្នកយកព័ត៌មានដែលសារមួយនេះត្រូវបានប្រគល់ឲ្យគាត់ដោយប្រធានាធិបតីអាមេរិកដើម្បីបញ្ជូនបន្តទៅឲ្យមេដឹកនាំកូរ៉េខាងជើង។
លោកមូនប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ខណៈពេលធ្វើដំណើរទៅកាន់ប្រទេសនូវែលហ្សេឡង់ថា “សារនោះគឺថា លោកប្រធានាធិបតី ត្រាំ មានទស្សនៈមិត្តភាពយ៉ាងខ្លាំងចំពោះលោកប្រធាន គីម ហើយថា លោកចូលចិត្តគាត់ ដូច្នេះគាត់សូមជូនពរលោកប្រធានគីមនឹងអនុវត្តកិច្ចព្រមព្រៀងដែលនៅសល់របស់ពួកគេហើយថា លោកនឹងធ្វើឲ្យអ្វីដែលលោកប្រធានគីមចង់បានឲ្យក្លាយជាការពិត”។
ថ្លែងនៅក្នុងទីក្រុង Buenos Aires ដែលជាកន្លែងលោកបានពិភាក្សាអំពីស្ថានភាពនៅលើឧបទ្វីបកូរ៉េជាមួយលោក មូន, លោក ត្រាំ បាននិយាយថា លោកសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំបន្ទាប់ជាមួយលោក គីម នៅដើមឆ្នាំ២០១៩។
លោកបាននិយាយថា “យើងកំពុងទទួលបានភាពល្អប្រសើរហើយយើងមានទំនាក់ទំនងល្អ”។
លោក ត្រាំ និងលោក គីម បានរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយក្នុងប្រទេសសិង្ហបុរីកាលពីដើមឆ្នាំនេះដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវដោយប្រទេសទាំងពីរមានជម្លោះលើអត្ថន័យពិតប្រាកដនៃកិច្ចព្រមព្រៀងនេះ។
ក្រុមមន្ត្រីអាមេរិកបានទទូចឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរឲ្យបានសម្រេចជាមួយការផ្ទៀងផ្ទាត់ពេញលេញនិងមិនប្រែប្រួលនៅលើឧបទ្វីបកូរ៉េមុនពេលទណ្ឌកម្មត្រូវបានដកចេញ។
ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានច្រានចោលការទាមទារសម្រាប់អ្វីដែលខ្លួនហៅថាជា “ការរំសាយអាវុធនុយក្លេអ៊ែរដោយឯកតោភាគី” ៕ AFP
Source: Kampuchea Thmey Daily
0 Comments