ភ្នំពេញ ៖ តុលាការកំពូល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកយកសំណុំរឿងសុំនៅក្រៅឃុំរបស់បុរសជនជាតិកូរ៉េ២នាក់ ឪពុកកូន ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកផង និងលួចប្រាក់ពីក្រុមហ៊ុនចិនប្រមាណជាង៣លានដុល្លារ។
នៅក្នុងអង្គសវនាការ ដែលដឹកនាំដោយលោក ឃឹម ប៉ុន អនុប្រធានតុលាការកំពូល ជនជាប់ចោទទាំង២នាក់ ឪពុកកូន បានប្រាប់តុលាការពីមូលហេតុសុខភាព និងការនឹករលឹកស្រុកកំណើតរបស់ខ្លួន ទើបសុំតុលាការឲ្យដោះលែងពួកគេត្រឡប់ទៅស្រុកវិញ។
មេធាវីតំណាង ដោយអាណត្តិរបស់ដើមបណ្ដឹងបានលើកឡើងថា ការប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទមានព្យសនកម្មយ៉ាងធំដល់ជនរងគ្រោះ ដែលមានទឹកប្រាក់រហូតដល់ជាង៣លានដុល្លារ បើគ្រាន់តែមូលហេតុនឹកស្រុកកំណើតហើយសុំឲ្យតុលាការដោះលែងត្រឡប់ទៅស្រុកវិញ ចុះព្យសនកម្មនរណាទទួលខុសត្រូវ?
ទោះបីយ៉ាងណា សំណុំរឿងក្ដីនេះ ក្រោយពីឲ្យគូភាគីបញ្ចេញយោបល់អស់ចិត្តហើយ ក្រុមប្រឹក្សាតុលាការបានសម្រេចលើកពេលទៅប្រកាសសាលដីកា នៅថ្ងៃទី០៧ធ្នូខាងមុខ។
សូមបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ កាលព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានសម្រេចបដិសេធមិនឲ្យបុរសជនជាតិកូរ៉េ២នាក់ ជាឪពុកកូននៅក្រៅឃុំនោះទេ ដែលជាប់ពាក់ព័ន្ធនឹងករណី ឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់សាច់ប្រាក់ជាង៣លានដុល្លារ។
ការសម្រេចនេះ តុលាការសម្អាងហេតុថា សំណុំរឿងក្ដីនេះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួររបស់តុលាការថ្នាក់ក្រោម ហើយព្យសនកម្មមានទំហំធំដែលតុលាការមិនអនុញ្ញាតឲ្យជនត្រូវចោទនៅក្រៅឃុំឡើយ។
ក្នុងនីតិវិធីសវនាការរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍នេះ គឺមិនមានវត្តមានរបស់ជនជាប់ចោទទាំង២នាក់នោះទេ។
កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើបុរសជនជាតិកូរ៉េ២នាក់ ជាឪពុក និងកូន ពីបទឆបោក និងបទលួច ពាក់ព័ន្ធករណីឆបោកប្រាក់ទិញរថយន្តការពារគ្រាប់ និងលួចលុយក្រុមហ៊ុនចិនជាង៧លានដុល្លារ។ ជនត្រូវចោទទាំង២នាក់ ក៏ត្រូវបាន លោក យិន សារឿន ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានចាប់បញ្ជូនខ្លួនបុរសជនជាតិកូរ៉េ២នាក់ឪពុក និងកូន ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណី ឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់សាច់ប្រាក់ជាង៧លានដុល្លារ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ទី១.ឈ្មោះ ចូ ស៊ូពិន cho so in ភេទប្រស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313។ ទី២.ឈ្មោះ ចូ សាមហ្សុង cho Samsung ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ ឪពុកកូន ឈ្មោះ ជិន ជីហុង Jin zhehong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុន Shenyang Aiweiou Healfh Products Co ltd មានអាសយដ្ឋានផ្ទះលេខ២៧ ផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីអយ្យការអមសាលាដំបូងបានឲ្យដឹងថា ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិនដែលបានប្ដឹងជនជាតិកូរ៉េ ពីបទឆបោក មានទឹកប្រាក់ចំនួន២៩២.០៤៥ដុល្លារ ប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបទលួច មានទឹកប្រាក់ចំនួន៧.២០៥.៨៨២ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។ ពាក់ព័ន្ធករណីខាងលើនេះប្រភពព័ត៌មានបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន Shenyang ត្រូវការទិញរថយន្តអាមេរិកទំនើបមួយគ្រឿង ម៉ាក LINCOLN NAVEGATOR Airforce one ផលិតឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេសក្នុងឆ្នាំ២០១៧ ដែលមានតម្លៃទីផ្សារពេលនោះ ៣០០.០០០ដុល្លារ។ ស្រាប់តែពេលនោះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុនបាននិយាយថា ឪពុករបស់គាត់ ឈ្មោះ ចូ សាមហ្សុង មានបទពិសោធន៍ក្នុងការទិញ និងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុន Tianjing គឺប្រហែលតម្លៃ ២២២.០០០ដុល្លារប៉ុណ្ណោះ។ ពេលនោះក្រុមហ៊ុនដែលកុម្ម៉ង់ទិញបានពន្យល់អំពីលក្ខណៈរថយន្តដែលទិញ គឺមានបំពាក់ឧបករណ៍ទំនើប និងកញ្ចក់ការពារគ្រាប់កាំភ្លើង។
បន្ទាប់មក ពួកគេបានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់ឲ្យចំនួន៨ដង ស្មើទឹកប្រាក់៣១៤ .០០០ដុល្លារ ឲ្យ ចូ ស៊ូពិន និងចូ សាមហ្សុង។
លុះដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿង មានភិនភាគប្រហាក់ប្រហែលនឹងរថយន្តដែលក្រុមហ៊ុនកុម្ម៉ង់មកឲ្យ ពេលនោះក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បានថា នឹងយករថយន្តថ្មីមកឲ្យ ហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហូតដល់ពេលនេះ។
មិនតែប៉ុណ្ណោះ នៅពេល ឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុក បានលួចដកសាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុនអស់ចំនួន៧.២០៥ .៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញ ទើបតែថ្មីៗនេះ បុរសជនជាតិកូរ៉េទាំង២នាក់ ឪពុកកូនបានមករស់នៅប្រទេសកម្ពុជាវិញ ដោយទិញខុនដូររស់នៅ និងទិញរថយន្តមាករ៉ង់រ៉ូវើ ពាក់ស្លាកលេខ ខម មានអង្គរក្សការពារជិះទៀត ទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments