Ad Code

ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំនេះ មាន​មនុស្ស​ចូលរួម​ជាង​១៣​ម៉ឺន​នាក់ ​កើន​ឡើង​ជាង​ឆ្នាំមុន​



​ភ្នំពេញ​ ៖​ ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​កម្មវិធី​ពិព័រណ៍​សៀវភៅ​បាន​ឲ្យ​ដឹង​ថា ​កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា ​លើក​ទី​៧ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​សៀវភៅ​រស់ ចំណេះ​រីក​» ដែល​រៀបចំ​រយៈពេល​៣​ថ្ងៃ នៅ​បណ្ណាល័យ​ជាតិ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់​ កើន​ឡើង​ជាង​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹមតែ​ជាង​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

កញ្ញា ស៊ុន សិទ្ធិគុណ ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​កម្មវិធី​ពិព័រណ៍​សៀវភៅ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹង​ថា ​កម្មវិធី​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ​ មាន​អ្នកចូលរួម​កើនឡើង​លើស​ពី​ការ​រំពឹងទុក​ គឺ​មាន​អ្នក​ចូលរួម​រហូតដល់​១៣១.៤០០​នាក់ ​ខណៈ​អ្នករៀបចំ​កម្មវិធី​រំពឹង​ថា​ កម្មវិធី​នេះ​មាន​អ្នកចូលរួម​ត្រឹមតែ​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​
​ ​
កញ្ញា​បាន​បន្ត​ថា ​សម្រាប់​នៅ​ក្នុង​ថ្ងៃ​ទី​២ និង​ទី​៣​ នៃ​កម្មវិធី​ពិព័រណ៍​សៀវភៅ​នេះ​មាន​អ្នកចូលរួម​ច្រើន​ជាង​គេ​រហូតដល់​៥​ម៉ឺន​នាក់ ​ក្នុង​១​ថ្ងៃ ​ដោយសារតែ​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​រៀបចំ​កម្មវិធី​ពិសេសៗ​ជាច្រើន រួមមាន ការចែក​សៀវភៅ​ឥតគិតថ្លៃ​, កាដូ​សៀវភៅ​ចាស់ៗ និង​កម្មវិធី​កម្សាន្ត​បែប​អប់រំ​ដល់​អ្នកចូលរួម​ជាច្រើន​។​

លោកស្រី ខ្លូត វីបុល​ឡា ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំមុន បាន​ផ្ដោត​សំខាន់​ទៅលើ​កុមារ​ដើម្បី​ឲ្យ​ពួកគេ​មាន​ទម្លាប់​អាន​តាំងតែ​ពី​ក្មេង តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុក ម្ដាយ​។ ដូច្នេះ​ហើយ​ ទើប​ពិព័រណ៍​សៀវភៅ​បាន​រៀបចំ​វេទិកា​សម្រាប់​កុមារ​ដាច់ដោយឡែក​តាមរយៈ​ការ​គូរ​រូប ផាត់​មុខ​ និង ការ​ច្រៀង​រាំ​ជាដើម ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​កុមារ​។​

លោកស្រី​ប្រធាន​បណ្ណាល័យ​ជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ឧបត្ថម្ភ​សៀវភៅ​ចំនួន​១០​ម៉ឺន​ក្បាល ​ចែក​ជូន​អ្នកទស្សនា​ដោយ​ឥតគិតថ្លៃ​។

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​សៀវភៅ​កម្ពុជា អ្នកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ឲ្យ​ដឹងថា ពិព័រណ៍​នេះ ជាការ​ខិតខំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួម​ជា​មួយ​នឹង​ស្ថាប័ន​ជាច្រើន​ទៀត​ ដើម្បី​លើកកម្ពស់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​មាន​ទម្លាប់​នៅ​ក្នុង​ការ​អាន និង​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​។​

លោកស្រី​បាន​បន្ត​ថា ​សៀវភៅ​ គឺជា​មធ្យោបាយ​មួយ​សំខាន់​បំផុត នៅ​ក្នុង​ជីវិត​របស់​យើង​ទាំងអស់​គ្នា​ ក៏ដូចជា​ជីវិត​របស់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​ដើរ​បាន​ឆ្ងាយ​ទៅមុខ​។

លោកស្រី ភឿង ស​កុ​ណា​ បាន​ជំរុញ​ឲ្យ​ឪពុកម្ដាយ​គួរ​ចាប់ផ្ដើម​អាន​សៀវភៅ​ ដើម្បី​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​ដល់​កូនៗ​ របស់​ខ្លួន ​នៅ​ក្នុង​ការ​ចាប់ផ្ដើម​បណ្ដុះ​ទម្លាប់​នេះ​ការ​អាន​។​

សូម​បញ្ជាក់​ថា​ ពិព័រណ៍​សៀវភៅ​កម្ពុជា ​លើក​ទី​៧ ឆ្នាំ​២០១៨​នេះ រៀបចំ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៧-៩ ខែ​ធ្នូ ដែលមាន​ស្តង់​ចំនួន​១១០​នាក់ ខណៈ​ឆ្នាំ​២០១៧ មាន​ត្រឹម​៨០​ស្តង់​ប៉ុណ្ណោះ​។

ជា​មួយ​គ្នា​នេះ ក្នុង​កម្មវិធី​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ប្រមាណ​២០៤​នាក់ ដែល​ចូលរួម​សម្របសម្រួល​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។​

ពិព័រណ៍​សៀវភៅ​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១១ មកនេះ ធ្វើឡើង​ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពី​សៀវភៅ​ដែលមាន​ជា​ភាសា​ខ្មែរ ឬ​ភាសា​ដទៃ ជាពិសេស​នោះ​ គឺ​សៀវភៅ​អំពី​កម្ពុជា និង​សៀវភៅ​កុមារ​។

ពិព័រណ៍​សៀវភៅ​នេះ​ ក៏​រៀបចំឡើង​ដើម្បី​គាំទ្រ​ទៅដល់​អ្នកនិពន្ធ​ខ្មែរ វិស័យ​ឧស្សាហកម្ម​បោះពុម្ព​នៅ​កម្ពុជា ជំរុញ​ចំណង់​ចំណូលចិត្ត​យុវជន​ជំនាន់​ក្រោយៗ ​ឲ្យ​ស្រលាញ់​ការ​និពន្ធ ព្រមទាំង​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន​ផង​ដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu