Ad Code

នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​ ធ្វើការ​សុំទោស​ទាំង​ក្តុកក្តួល​ចិត្ត​ចំពោះ​ករណី​ឃាតកម្ម​អ្នកទេសចរ



នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern បាន​សម្រក់​ទឹកភ្នែក​ កាលពី​ថ្ងៃ​ចន្ទ​នៅ​ពេល​ធ្វើការ​សុំទោស​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រួសារ​របស់​អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ឈ្មោះ Grace Millane ខណៈ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​សម្លាប់​អ្នកដំណើរ​វ័យក្មេង​រូបនេះ​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​តុលាការ។

​លោកស្រី Ardern បាន​និយាយថា លោកស្រី​ពិតជា​មាន​អារម្មណ៍​អាម៉ាស់​ណាស់​នៅក្នុង​ប្រទេស​ប៉ាស៊ីហ្វិក​ខាងត្បូង​មួយ​នេះ​អំពី​ជោគវាសនា​របស់ Millane ដែល​សាកសព​របស់​នាង​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃអាទិត្យ​នៅ​សួនឧទ្យាន​មួយ​ខាងក្រៅ​ទីក្រុង Auckland​។​

លោកស្រី​បាន​និយាយថា “​មាន​អារម្មណ៍​ឈឺចាប់​និង​អាម៉ាស់​ខ្លាំងណាស់​ដែល​រឿងនេះ​បានកើត​ឡើង​នៅក្នុង​ប្រទេស​របស់​យើង​។ ដូច្នេះ​ជំនួសមុខ​អោយ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ខ្ញុំ​ចង់​សុំទោស​ដល់​គ្រួសារ​របស់ Grace​។ កូនស្រី​របស់​អ្នក​គួរតែមាន​សុវត្ថិភាព​នៅទីនេះ​ប៉ុន្តែ​វា​ផ្ទុយស្រឡះ​ហើយ​ខ្ញុំ​សុំទោស​ចំពោះ​រឿងនេះ​”​។​

នាង Millane បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី​១​ខែធ្នូ​មុន​ថ្ងៃ​ខួបកំណើត​គម្រប់​២២​ឆ្នាំ​របស់​នាង​ហើយ​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃអាទិត្យ​។​

ការស្លាប់​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ដែលជា​ទូទៅ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ការធ្វើដំណើរ​និង​ជា​មធ្យម​មាន​អត្រា​ឃាតកម្ម​តិចជាង​៥០​នាក់​ក្នុង​មួយឆ្នាំ​ក្នុងចំណោម​ប្រជាជន​៤.៨​លាន​នាក់​។​

បុរស​ម្នាក់​អាយុ​២៦​ឆ្នាំ​ដែល​មិនអាច​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​សម្រាប់​ហេតុផល​ផ្លូវច្បាប់​គឺ​ត្រូវ​ប្រឈមមុខ​នឹង​តុលាការក្រុង Auckland នៅ​ថ្ងៃ​ចន្ទ​ពីបទ​ធ្វើឃាត​កម្ម​។​

នាង Millane កំពុងស្ថិត​ក្នុង​ដំណើរ​ឈប់សម្រាក​ទូទាំង​ពិភពលោក​រយៈពេល​មួយឆ្នាំ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​និង​បាន​ស្នាក់នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​រយៈពេល​ពីរ​សប្តាហ៍​បន្ទាប់ពី​ការធ្វើដំណើរ​ជុំវិញ​តំបន់​អាមេរិក​ខាងត្បូង​អស់​រយៈពេល​ជាង​មួយខែ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu