Ad Code

មហាវិថី​ឈ្នះ​ឈ្នះ ប្រវែង​ជាង​២៤​គីឡូម៉ែត្រ​ឆ្លង​កាត់​ខណ្ឌ​៤​ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​ផ្លូវជាតិ​លេខ​៦



​ភ្នំពេញ ៖ មហាវិថី ឈ្នះ ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) មាន​ប្រវែង​ជាង​២៤​គីឡូម៉ែត្រ​ឆ្លងកាត់​ខណ្ឌ​៤ គឺ​ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌ​សែន សុខ ខណ្ឌ​ព្រែក​ព្នៅ​និង​ខណ្ឌ​ជ្រោយចង្វា ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​ផ្លូវជាតិ​លេខ​៦​បាន​បញ្ចប់​ការសាងសង់​ហើយ ក្រោយពី​ប្រើប្រាស់​ពេលវេលា​នៃ​ការសាងសង់​អស់ រយៈពេល​៦​ឆ្នាំ ពោល​ពី​ការដ្ឋាន​បាន​ចាប់​សាងសង់​តាំងពី​ជំនន់​លោក​កែប ជុតិមា ជា​អភិបាល​រាជធានី បន្ត​មក​លោកប៉ា សុជាតិ​វង្ស និង​បានបញ្ចប់​ការដ្ឋាន​ជា​ស្ថាពរ​នៃ​ខណៈដែល​លោក​ឃួ​ង ស្រេង​ឡើង​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ​។



លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មហាវិថី ឈ្នះ ឈ្នះ (​ផ្លូវ​កប់​ស្រូវ​)​ជា​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៣ ​សម្រាប់​បម្រើការ​ដឹកជញ្ជូន​ធុន​ធ្ងន់​និង​ធុន​ស្រាល ពង្វាង​ចរាចរ​មិន​ឲ្យ​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខាងជើង​និង​ខាងលិច​រាជធានី​ភ្នំពេញ ហើយ​ក៏​មាន​តួនាទី​ក្នុង​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​ឆ្លងកាត់​តំបន់​ភាគខាងត្បូង​ទៅ​តំបន់​ភាគ​ខាងជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។



មហាវិថី ឈ្នះ ឈ្នះ មាន​ប្រវែង​សរុប ២៤៤៨៧​ម៉ែត្រ​ទទឹង​២២​ម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​៦ កាត់​តាម​ស្ពាន​ព្រែក​ព្នៅ​។ មហាវិថី​នេះ​ត្រូវ​បាន​បែងចែក​ជា​២​កំណាត់ ក្នុង​នោះ​កំណាត់​ផ្លូវ​ទី​១ ចាប់ពី​ផ្លូវ​លេខ​៤​ដល់​គល់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងលិច​មាន​ប្រវែង​១៦៦៥០​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង​អារ​មេ។



កំណាត់​ផ្លូវ​ទី​២ ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត​ដល់​ផ្លូវ​លេខ​៦​មាន​ប្រវែង​៧៨៣៧​ម៉ែត្រ​មាន​ទទឹង​២៥.៥​ម៉ែត្រ​មាន​សួនច្បារ​កណ្តាល​ដោយមាន​ដាំ​ដើម​ច័​ន្ទ​គី​រី​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង​អារ​មេ ដែល​អតីត​ជា​ផ្លូវ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អិ​ល វ៉ា​យ ភី គ្រុប។



ចំពោះ​ដំណាក់កាល​នៃ​គម្រោង​សាងសង់​មហាវិថី​ឈ្នះ ឈ្នះ (​ផ្លូវ​ទំនប់​កប់​ស្រូវ​)​នេះ លោក​សាំ ពិសិដ្ឋ ក៏បាន​បញ្ជាក់​ដែរ​ថា ដោយ​ប្រឈម​នឹង​ទឹក​ជន់​លិច​នៅ​ទីតាំង​ខ្លះ​និង​ដោយ​រង​នូវ​ការ​ដឹកជញ្ជូន​ធុន​ធ្ងន់​បណ្តាល​ឲ្យ​ផ្លូវ​ទំនប់​រង​ការខូចខាត​នៅ​ឆ្នាំ​២០១២ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​លើក​គម្រោង​សាងសង់​ជា​ផ្លូវ​បេតុង​អារ​មេ ជា​ដំណាក់កាល​វិញ ក្នុង​នោះ​ដំណាក់កាល​ទី​១ ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១២ ជា​ផ្លូវ​បេតុង​អារ​មេ កម្រាស់​២០​សង់ទីម៉ែត្រ​បណ្តោយ​ប្រវែង ៤០៤៣​ម៉ែត្រ ទទឹង​២២​ម៉ែត្រ ក្នុង​នោះ​សួនច្បារ​កណ្តាល​២,៥​មែត្រ ផ្លូវ​ទទឹង​៩,៧៥​ម៉ែត្រ​សងខាង​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤​ដល់​ផ្លូវ​រថភ្លើង ខ្សែ​បាត់ដំបង​។ កំណាត់​ផ្លូវ​នេះ​ក៏​មាន​ដាក់​បណ្តាញ​លូ​ទំហំ​១,៥​ម៉ែត្រ សងខាង​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ព្រែក​ជា​២ ចំ​កណ្តាល​សួនច្បារ​ចំនួន​១៣៤​ដើម​និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​ផងដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​កំណាត់​ផ្លូវ​ថ្មី​នេះ​បាន​ប្រើប្រាស់​អស់​រយៈពេល​៥​ឆ្នាំ​ហើយ តែ​ផ្លូវ​នៅមាន​គុណភាព​រឹងមាំ​ល្អ​នៅ​ឡើយ​។



ដំណាក់កាល​ទី​២ ចាប់​សាងសង់​នៅ​ឆ្នាំ​២០១៥ ជា​ផ្លូវ​មេ​តុង​អា​មេ កម្រាស់​២០​សង់ទីម៉ែត្រ​បណ្តោយ​ប្រវែង​១២៦០៧​ម៉ែត្រ ទទឹង​២២​ម៉ែត្រ​ក្នុងនោះ​សួនច្បារ​កណ្តាល​២,៥​មែត្រ ផ្លូវ​ទទឹង​៩,៧៥​ម៉ែត្រ​ចាប់ពី ផ្លូវ​រថភ្លើង ខ្សែ​បាត់ដំបង ដល់​ស្ពាន​ព្រែក​ព្នៅ​ខាងលិច​។



លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារ​លទ្ធភាព​ថវិកា​មាន​កម្រិត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​សាងសង់​ជា​ជំហានៗ​ដោយ​នៅក្នុង​២០១៥ ដល់​ឆ្នាំ​២០១៦ កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​ឡើង ជា​ប្រភេទ​ផ្លូវ​បេតុង​អារ​មេ មួយ​ចំហៀង​ផ្លូវ​មុន ដើម្បី​អាច​ធ្វើ​ចរាចរ​បាន​ទ្វេ​ទិស​ជា​បណ្តោះអាសន្ន​និង​ចាក់​ដី​ពង្រីក​ផ្លូវ​នៅ​ចំណុច​ទីតាំង​ទំនប់​កប់​ស្រូវ​។ ​នៅ​ឆ្នាំ​២០១៧-២០១៨​គម្រោង​នេះ​បាន​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​អារ​មេ​មួយ​ចំហៀង​ផ្លូវ​ទៀត ព្រមទាំង​ស្ថាបនា​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​។



ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការ​កសាង​សង់​មហាវិថី ឈ្នះ ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) លោក​សាំ ពិសិដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ដំណើរការ​សាងសង់ រហូតដល់​បញ្ចប់​ការសាងសង់ មាន​រយៈពេល​៦​ឆ្នាំ គឺ​បានបញ្ចប់​នៅ​ថ្ងៃទី​១៥​ធ្នូ​២០១៨ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់អោយ​ប្រើប្រាស់​កំណាត់​ផ្លូវ​សាងសង់​រួច​នេះ​ឲ្យ​ធ្វើ​ចរាចរ​ជា​បណ្តោះអាសន្ន​តាម​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ។



លោក​សាំ ពិសិដ្ឋ​បាន​បន្ថែមទៀត​ថា មហាវិថី ឈ្នះ ឈ្នះ ជា​ផ្លូវ​បេតុង​អារ​មេ ដែល​មាន​ប្រវែង​សរុប ១៦៦៥០​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងលិច​ទទឹង​២២​ម៉ែត្រ ក្នុងនោះ​សួនច្បារ​កណ្តាល​២,៥​មែត្រ ផ្លូវ​ទទឹង​៩,៧៥​ម៉ែត្រ សងខាង​មាន​ដាំ​ស្ពៅ ដាំ​ដើម​ជ្រៃ​គម្លាត​១០​ម៉ែត្រ​ពីគ្នា ។​តំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ព្រែក​ជា​២ ចំនួន​៥៥៩​បង្គោល ដាក់​ស្លាក​សញ្ញា​ចរាចរ​៣៤៨​ស្លាក ដាក់​បណ្តាញ​លូ​ទំហំ​១,៥​ម៉ែត្រ ប្រវែង​៨០៨៦​ម៉ែត្រ ដាក់​លូ​កាត់​ផ្លូវ​ចំនួន​៥​កន្លែង​ និង ​ដំឡើង​ស្តុ​ប​ចំនួន​២​កន្លែង។

ដោយឡែក​ចំពោះ​ផ្លូវ​បេតុង​អម​សងខាង​ស្ពាន​ព្រែក​ព្នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ពង្រីក​ទទឹង​៥​ម៉ែត្រ សងខាង​បន្ថែម មាន​ប្រវែង​៦៤០​ម៉ែត្រ​និង​ដាក់​បណ្តាញ​លូ​ទំហំ​១,៥​ម៉ែត្រ សងខាង​ចាប់ពី​រង្វង់​មូល​ស្ពាន​ព្រែក​ព្នៅ ដល់​ផ្លូវជាតិ​លេខ​៥​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu