អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដែលកំពុងឡើងកូដ ឯមឡេងលី ក្លិបថ្មគោលពោធិ៍សែនជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ចែតស្យ៉ាម ស៊ិតចេមៀរ (Chet Siam Site Chamear) នាយប់ថ្ងៃសុក្រទី២៨ធ្នូ២០១៨នេះនៅលើសង្វៀនបាយ័នស្ទឹងមានេជ័យ ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ។
ចែតស្យ៉ាម ជាអ្នកប្រដាល់ថៃចំណូលថ្មី មិនធ្លាប់មកប្រកួតនៅកម្ពុជានោះទេកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ គេមានសមត្ថភាពខ្លាំងក្លា និងជាម្ចាស់ខ្សែក្រវាត់ថែមទៀត ។
មិនធម្មតាទេ យកម្ចាស់ខ្សែក្រវាត់មកជួបជាមួយឯម ឡេងលីបែបនេះ ក៏ព្រោះតែឡេងលីគេខ្លាំងនិងវាយឈ្នះថៃសឹងតែគ្រប់ថៃដែលមកជួបទៅហើយ ។ ចាំមើល តើឯមឡេងលី អាចយកឈ្នះចែតស្យ៉ាម បានទៀតឬអត់លើកនេះ ?
យ៉ាងណា ចែតស្យ៉ាម ជាជើងខ្លាំងនិងជាម្ចាស់ខ្សែក្រវាត់នៅស្រុកថៃ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៧៣លើក ឈ្នះ៦១លើក ចាញ់១១លើក និងស្មើ០១លើក។ នេះបើតាមប្រវត្តិប្រកួតរបស់ចែតស្យ៉ាម។
ឯម ឡេងលី មានកំណត់ត្រាប្រកួតតែ៥១លើក ឈ្នះ៤២លើក ចាញ់០៨លើក ស្មើ០១លើកក៏ដោយ ក៏មិនទាន់ប្រាកដថា គេចាញ់ចែតស្យ៉ាមនោះដែរ ។ ឡេងលីឥឡូវ គេមានទិចនិចប្រកួតខ្ពស់ជាងមុន។
ទោះជាយ៉ាងណា ឯមឡេងលី មិនអាចធ្វេសប្រហែសឬមើលងាយ ចែតស្យ៉ាម បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនខ្សោយជាងអ្នកមកមុនៗនោះទេ នេះបើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតឲ្យដឹងនោះ។ ហើយយ៉ាងណា ចែតស្យ៉ាម ក៏មិនទាន់ប្រាកដថា អាចឈ្នះ ឯម ឡេងលី បានដែរ ព្រោះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជារូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់ថៃច្រើនរូបហើយ។
ចាំមើល ឯម ឡេងលី និង ចែតស្យ៉ាម តើនរណាឈ្នះ នៅក្នុងការជួបគ្នាលើកដំបូងនេះ ? ឯម ឡេងលី គេប្រកួតជាមួយថៃចុងក្រោយនេះ បានវាយអ្នកប្រដាល់ថៃ វ៉ាន់ ពីយ៉ាក់ ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី១៥ធ្នូកន្លងទៅនេះ។
ចំពោះ ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មីដែរ គឺថេត រ៉ាវី សនស៊ិតមួយថៃដោយជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។
ចាន់ ប៊ុនហឿន ជាជើងឯករងខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម ។ ជួបប្រកួតជាមួយថៃចុងក្រោយនេះ គេបានផ្តួលយកឈ្នះអ្នកប្រដាល់ឡាវឈ្មោះណាំផេត ឆ.ឆេមពាន្ត ក្នុងទឹកទី៣ កាលពីថ្ងៃទី០២ធ្នូកន្លងទៅនេះ ។ ជាលើកទី២៩ របស់ប៊ុនហឿនហើយ ដែលគេជួបប្រកួតជាមួយថៃនេះ។ ប៊ុនហឿន ប្រកួតជាមួយថៃ២៨លើកកន្លងមកនេះ គឺឈ្នះ១៩លើក ចាញ់០៧លើក និងស្មើ០២លើក។
ថេត រ៉ាវី ដែលជាគូរបស់ចាន់ ប៊ុនហឿននេះ មិនធ្លាប់មកប្រកួតនៅកម្ពុជានោះឡើយ ពីមុនមក ។ អ្នកប្រដាល់ថៃនេះ ជាជើងខ្លាំងទម្ងន់៦០គីឡូក្រាមប្រចាំនៅស្រុកថៃ។ ឆ្លងកាត់ការប្រកួត៦៥លើក ថេត រ៉ាវី វាយឈ្នះ៥២លើក ចាញ់១២លើក និងស្មើ០១លើក។
ចាន់ ប៊ុនហឿន គេមានប្រវត្តិប្រកួតចំនួន៦៩លើក ឈ្នះ៥៧លើក និងចាញ់១០លើក និងស្មើ០២លើក ។ ប៊ុនហឿនគេមានថ្វីកែងនិងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាងចាន់ ប៊ុនហឿន និង ថេតរ៉ាវី នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ?៕
Source: Kampuchea Thmey Daily
0 Comments