Ad Code

អតីត​សិស្សសាលា​បាក់​ទូក​ជិត​៤០០​នាក់ ប្រារព្ធ​ពិធី​ជួបជុំ​អតីត​លោកគ្រូ​អ្នកគ្រូ ដើម្បី​សម្តែង​ការ​ដឹង​គុណ



ភ្នំពេញ ៖ ​ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំង​ណាស់ ដែល​មាន​ក្រុម​អតីត​សិស្សសាលា​បាក់​ទូក​ជំនាន់​ឆ្នាំ​១៩៨០-១៩៨៩ ប្រមាណ​ជិត​៤០០​នាក់ ប្រកបដោយ​ចិត្ត​ជ្រះថ្លា​បាន​រួបរួម​គ្នា​ប្រារព្ធ​ពិធី​ជួបជុំ​ពិសា​បាយ​សាមគ្គី និង​សម្តែង​ការ​ដឹងគុណ​ចំពោះ អតីត​គ្រូបង្រៀន​ចាស់ៗ​នៃ​សាលា​បាក់​ទូក ដែល​ចូលនិវត្តន៍ ចំនួន ៣៨​រូប នា​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​។



នៅក្នុង​ពិធី​ជួបជុំ ដ៏​កម្រ​មាន​មួយ​នេះ គេ​សង្កេតឃើញ មិត្ត​នៃ​សាលា​បាក់​ទូក វ័យ​កណ្តាល​ទាំង​ជាង​៣០០​នាក់ បាន​រាក់ទាក់​ស្និត​ស្នាល​គ្នា ប្រកបដោយ ភាព​រីករាយ ព្រម​ជា​មួយ​សម្លេង​សើច​ក្អាកក្អាយ កាយវិការ​សប្បាយ​ចម្រុះ ទាំង​គ្រូ​ទាំង​សិស្ស ប្រៀបដូចជា​គ្រួសារ​តែមួយ​។ អ្វី​ដែល​ពិសេស​បំផុត គឺ​មិត្ត​រួម​ជំនាន់​ម្នាក់ៗ​បាន​សម្តែង​ការ​នឹករលឹក​និង​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រឹទ្ធាចារ្យ​ដែល​ជា​អតីត​គ្រូ​ធ្លាប់​អប់រំ​ទូន្មាន​បង្រៀន​ពួកគេ ដោយ​ទឹកចិត្ត​ស្មោះសរ ពួកគេ​ចាត់​ថា លោកគ្រូ​អ្នកគ្រូ​ទាំងអស់​គឺជា​ឪពុកម្តាយ​ទី​២​ដែល​បាន​លះបង់ កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា ស្ទើរ​មួយ​ជីវិត បំពេញ​នូវ​កាតព្វកិច្ច ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន នោះ​គឺ​ការ​ផ្តល់​នូវ​ចំណេះវិជ្ជា ជូន​ដល់​កូនសិស្ស​គ្រប់គ្នា រហូត​មាន​សិស្ស​ខ្លះ​បាន​ធ្វើ​ការ​ធំ សិស្ស​ខ្លះ​បាន​ក្លាយជា​ឧកញ៉ា សិស្ស​ខ្លះ​ធ្វើជា​មន្ត្រីរាជការ និង​សិស្ស​ខ្លះទៀត​ជា​អ្នក​រក​ស៊ី​ធម្មតា តាម​លំដាប់ តែ​គ្រូ​នៅតែ​ជា​គ្រូបង្រៀន​រហូតដល់​ថ្ងៃ​ចូលនិវត្តន៍​។



សកម្មភាព​ប្រមូល​ផ្តុំ​រួម​សាមគ្គី​គ្នា​របស់​អតីត​សិស្សសាលា​បាក់​ទូក​មួយ​ក្រុម​នេះ ពុំ​មែន​កើតឡើង​ដោយ​ងាយស្រួល​ទេ គឺ​កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម របស់ ​លោក​រ័ត្ន ស្រ៊ាង ដែល​លោក​បាន​ប្រមែប្រមូល មិត្ត​រួម​ជំនាន់​ជាមួយគ្នា ព្រមទាំង​លោកគ្រូ អ្នកគ្រូ​ដែល​ធ្លាប់​បង្រៀន កាល​រៀន​នៅ​សាលា​បាក់​ទូក ក្នុង​អំ​ឡុង​ឆ្នាំ​១៩៨០-១៩៨៩ មក​ចងក្រង​ជា​ក្រុម​មួយ តាម​បណ្តាញ​ទំនាក់ទំនង WhatsApp ក្នុង​គោលបំណង បាន​ជុំគ្នា​ឡើងវិញ​រំលឹក​នូវ​អនុស្សាវរីយ៍​ចាស់ៗ​ជាមួយគ្នា ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក និង​អាចជួយ​ទុក្ខ​ធុរៈ​គ្នា នៅពេលដែល​មិត្ត​ឬ​គ្រូ​ណា​ម្នា​ក់មាន​អាសន្ន​អន់ក្រ​ឬ​ជួប​ទុក្ខលំបាក​ផងដែរ​។ ការផ្តួចផ្តើម​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ​ការចង្អុលបង្ហាញ​ណែនាំ​ពី​មិត្តភក្តិ តៗ​គ្នា បានធ្វើ​ឲ្យ​ក្រុម​អតីត​សិស្សសាលា​បាក់​ទូក​មួយ​នេះ បានធ្វើការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និត ទាំង​អ្នក​នៅក្នុង​ប្រទេស​និង​នៅក្រៅ​ប្រទេស ឆ្លង​ទ្វីប​ជុំវិញ​ពិភពលោក រហូត​បាន​ជាង​៣០០​នាក់ និង​បាន​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​សមូហភាព​ជាច្រើន ក្នុង​រយៈពេល​២​ឆ្នាំ តាមរយៈ​ការ​កៀងគរ​ថវិកា​ផ្ទាល់ខ្លួន​ចូលគ្នា បាន​រហូតដល់​ទៅ ជាង​១០​ម៉ឺន​ដុល្លារ យកទៅ​ជូន​អតីត​លោកគ្រូ​អ្នកគ្រូ​ផង ជួយ​មិត្ត​ជួប​ការ​លំបាក​ផង និង​បាន​កសាង​សមិទ្ធផល​មួយចំនួន​ក្នុង​សាលា​បាក់​ទូក​ផង។



ការ​ជួបជុំ​ប្រកបដោយ​ភាព​ស្និត​ស្នាល ព្រម​ជាមួយ​ការ​ឈឺឆ្អាល​ជួយ​គ្នា​ទៅវិញទៅមក របស់​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក មួយ​ក្រុម​នេះ បានធ្វើ​ឲ្យ​ពួកគេ បង្កើត​ជា​ពាក្យស្លោក​តំណាង​ក្រុម​មួយ​ថា "​សាមគ្គី មិត្តភាព បង្កើត​ចិត្ត​រមនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក " ហើយ​ពួកគេ​ថែមទាំង​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ថា នឹង​រៀបចំ ឲ្យ​មាន​ពិធី​ជួយ​ជុំ​ពិសា​បាយ​សាមគ្គី​និង​សម្តែង​ការដឹងគុណ​អតីត​លោកគ្រូ​អ្នកគ្រូ ជា​រៀងរាល់ឆ្នាំ​តែម្ដង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu