Ad Code

ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខ​ណ្ឌ​ព្រែក​ព្នៅ ​ផ្តោត​សំខាន់​ការរៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​តាម​ដងផ្លូវ ក្នុង​ការ​រៀបចំ​អបអរសាទរ​សម្ពោធ​វិមាន ឈ្នះ ឈ្នះ



ភ្នំពេញ ៖ សាលាខណ្ឌ​ព្រែក​ព្នៅ បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខ​ណ្ឌ​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី សំខាន់ៗ​គ្រប់​លំដាប់​ថ្នាក់ក្រោម​ឱវាទ​នៃ​សាលា​ខណ្ឌ​មួយចំនួនទៀត​ផងដែរ ផ្តោត​សំខាន់​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​តាម​ដងផ្លូវ ក្នុងការ​រៀបចំ​អបអរសាទរ​ខួប​លើក​ទី​២០ នយោបាយ​ឈ្នះ ឈ្នះ និង​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ នា​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨។



លោក​សុខ សម្បត្តិ បាន​លើក​ឡើង​ថា នា​ចុង​ឆ្នាំនេះ ព្រះរាជាណាចក្រ​កម្ពុជា និង​រៀបចំ​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។



លោក​បន្ត​ថា សូម​ឲ្យ​កង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងពី​ថ្នាក់​ភូមិ សង្កាត់​រហូតដល់​ថ្នាក់​ខណ្ឌ​គ្រប់​ជាន់ថ្នាក់​ត្រូវ​ជួយ​សម្រួល​រៀបចំ និង​ការពារ​សណ្តាប់​ក្នុង​កម្មវិធី​ពិធី​សម្ពោធ​នេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​កិត្តិយស​របស់​យើង​ទាំងអស់​គ្នា និង​ដើម្បី​តបស្នង​សងគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា រយៈពេល​២០​ឆ្នាំ​មកនេះ​។



លោក​បញ្ជាក់​ថា តាម​សាលាសង្កាត់​ទាំង​៥​របស់​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ ហើយ​រដ្ឋបាល​ខណ្ឌ និង​ចុះ​ធ្វើ​រដ្ឋបាល​ចាប់ពី​ថ្ងៃទី​២៨ មាន​៣​ទីតាំង ក្នុង​នោះ​ចំណុច​ទី​១​ក្រុម​ទី​១​ធ្វើ​រដ្ឋបាល​ចាប់ពី​មាត់ទន្លេ​ឡើង​មក​ផ្លូវជាតិ​លេខ​៥ ទី​២​ចាប់ពី​ផ្លូវជាតិ​លេខ​៥​ទៅដល់​រង្វង់​មូល​គល់​ស្ពាន​ព្រែក​ព្នៅ និង​ទី​៣​ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ ទៅដល់​ផ្លូវបំបែក​ចូល​ឡុង​ឈិន​។



លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​បាន​បញ្ជាក់​បន្ថែម​ថា តាម​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ឲ្យ​បាន​មហោឡា​រឹក អធិកអធម និង​មាន​ភាព​សប្បាយ​រីករាយ រដ្ឋបាល​ខណ្ឌ​សូម​ធ្វើ​ការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​លំនៅឋាន សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម សេវាកម្ម សូម​ចូលរួម​លើក​ទង​ជាតិ តុបតែង​លំអ​អាគារ ក្រុមហ៊ុន សហគ្រាស​រៀងៗ​ខ្លួន ត្រូវ​រៀបចំ​តែង​រចនា​ភ្លើង​ពណ៌​ឲ្យ​បាន​ស្រស់បំព្រង​គួរ​ជាទី​មនោរម្យ​ក្នុង​ពេល​រាត្រី ចាប់ពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩។



ទទួល​បាន​សេចក្តីណែនាំ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​លំនៅឋាន សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម សេវាកម្ម ទាំងអស់​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ជា​ចុងក្រោយ​លោក​សុខ សម្បត្តិ​ ក៏​បាន​ផ្តាំផ្ញើ​ដល់​សង្កាត់​ទាំង​៥​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​កសិកម្ម​ច្រើន​ត្រូវ​អូ​ទាញ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​បង្កបង្កើនផល ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​ពូជ និង​ជី​កុំ​ឲ្យ​ខ្វះ​ឲ្យ​សោះ ជាង​នេះ​ទៅ​ទៀត​ត្រូវ​ទប់ស្កាត់​រថយន្ត​ធុន​ធំ និង​ការ​ចុះ​មើលផ្លូវ​សំបុក​មាន់​ឲ្យ​បានជា​ប្រចាំ បន្ទាប់ពី​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu