ខ្សែបម្រើខ្មែរ-បារាំង វ៉ា សុថន (ឬ វ៉ា ឃ្វីនទីន) អតីតកីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនអំឡុងឆ្នាំ២០១៤-២០១៥ និងសមាជិកក្រុមជម្រើសជាតិកម្ពុជា បានត្រឡប់ទៅរស់នៅប្រទេសបារាំង អស់មួយរយៈ ខណៈពេលនេះរូបគេបានត្រឡប់មកជួយក្រុមចាស់ខ្លួនវិញហើយ ដើម្បីត្រៀមប្រកួតក្នុងរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ។
យោងតាមការបញ្ជាក់របស់ក្លិបភ្នំពេញក្រោន នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះបានឲ្យដឹងថា កីឡាករខាងលើក្លាយជាសមាជិកពេញសិទ្ធិឡើងវិញ ហើយក្លិបសង្ឃឹមថាក្នុងដំណើរនៃការវិលត្រលប់មកវិញនេះ រូបគេនឹងសហការជាមួយមិត្តរួមក្រុមដើម្បីជួយក្លិបឲ្យបានជោគជ័យនាពេលខាងមុខ។ សូមរំលឹកថា កីឡាករ វ៉ា សុថន សម្រេចចិត្តមិនបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្លិបភ្នំពេញក្រោន ដែលផុតនៅដើមឆ្នាំ២០១៦ ទៅនេះទេ ដោយត្រូវត្រឡប់ទៅរស់នៅជួបជុំក្រុមគ្រួសារនៅប្រទេសបារាំងវិញ ជាមួយអ្នកចាំទីបម្រុង ស្រ៊ី ដានី នៅគ្រានោះ។
ក្រោយមកទៀតនៅដើមឆ្នាំ២០១៨នេះ រូបគេបានត្រឡប់មកធ្វើតេស្តជាមួយក្លិបភ្នំពេញក្រោន វិញប៉ុន្តែត្រូវបរាជ័យ។ យ៉ាងណាក្តីក្រោយត្រឡប់ទៅប្រទេសបារាំងរូបគេបានចូលរួមជាមួយក្លិប JO Le Creusot នៅឆ្នាំ២០១៥-២០១៦ ហើយបន្តលេងនៅក្លឹប UFC Torcy ឆ្នាំ២០១៦-២០១៧ និងចុងក្រោយនេះលេងនៅក្លឹប US Saint-Sernin-du-Bois ឆ្នាំ២០១៧-២០១៨។
សូមបញ្ជាក់ថាកីឡាករ វ៉ា សុខថន បានចូលរួមលេងជាមួយក្លិបភ្នំពេញក្រោន លើកដំបូងកាលពីខែ កក្កដា ឆ្នាំ ២០១៤ ហើយកីឡាករវ័យ ៣១ ឆ្នាំរូបនេះជាផ្នែកមួយជួយឲ្យក្រុមភ្នំពេញក្រោន ឈ្នះជើងឯកជាលើកទី ៦ក្នុងលីគកំពូលកម្ពុជា ប្រចាំប្រវត្តិសាស្ត្រក្លិបផងដែរ។ កីឡាករដែលរៀបអាពាហ៍ពិពាហ៍រួចហើយរូបនេះធ្លាប់លេងនៅ ES Torcy, FC Montceau Bourgogne, US Motte Servolex, SO Chambery Foot 73 និង Le Creusot JO នៅប្រទេសបារាំង។
ក្រោយពីចូលលេងក្នុងក្លិបភ្នំពេញក្រោន លើកទី១កីឡាករដែលនិយាយខ្មែរបានច្បាស់តិចៗ រូបនេះត្រូវបានលោកគ្រូបង្វឹកក្រុមជម្រើសជាតិនៅគ្រានោះទាំងលោក Lee Tae Hoon និងលោក Kazunori Ohara កោះហៅឲ្យជម្រើសជាតិឈុតធំគ្រប់ពេល ផងដែរ ក្នុងនោះមានទាំងប្រកួតជម្រុះ World Cup 2018 ជើងទី១ ប្រចាំទ្វីបអាស៊ី ជាមួយក្រុមម៉ាកាវ ទាំង២ប្រកួត និងប្រកួតជាមួយសិង្ហបុរី ចន្លោះដែលរូបគេស្នាក់នៅប្រទេសកម្ពុជាលើកដំបូងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments