បន្ទាយមានជ័យ ៖ កម្មកររោងចក្រចេញពីធ្វើការបើកម៉ូតូលើនដូចហោះមិនប្រយ័ត្នបើកទៅបុកកង់ពេញទំហឹងបណ្តាលឲ្យតាអ្នកជិះកង់របួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យស្លាប់នៅ វេលាម៉ោង ៦ ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅមុខវិទ្យាល័យខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានម៉ូតូម៉ាកហុងដាទ្រីមC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ បន្ទាយមានជ័យ1C-9113 បើកដោយឈ្មោះតូ ប៊ុនណារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជំទាវឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យជាកម្មកររោងចក្របើកចេញពីធ្វើការពីលិចមក កើតក្នុងល្បឿនយ៉ាងលឿនដូចហោះលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូត ទៅបុកកង់ដែលជិះច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យ អ្នកជិះកង់ ឈ្មោះណម ហម ភេទប្រុស អាយុ៨០ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុរួច វត្ថុតាងម៉ូតូ កង់ខូចខាតធ្ងន់ ត្រូវបាននគរបាល អធិការក្រុងសិរីសោភ័ណ យកទៅរក្សាទុកនៅអធិការរីឯសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសពចំណែកជនបង្កសមត្ថកិច្ចឲ្យចូលខ្លួនមកដោះស្រាយនៅថ្ងៃមុខ៕
Source: Kampuchea Thmey Daily
0 Comments