រតនគិរី ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បោលបុកគ្នា ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨A ចំណុចទល់មុខផ្ទះជាងម៉ូតូ ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្ក ឈ្មោះ យើង សាលុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិកាំ ឃុំល្អក់ស្រុកអូរជុំ រងរបួសស្រាល ពុំមានពាក់មួកសុវត្ថិភាព។
ចំណែកអ្នកបើកបរម៉ូតូរងគ្រោះ ឈ្មោះ ខាន់ គូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅភូមិថារ៉ងស្វាយ ឃុំអូរជុំស្រុកអូរជុំ រងរបួសធ្ងន់ឈាមចេញតាមច្រមុះ និងបែកក្បាលខាងឆ្វេង ពុំមានពាក់មួកសុវត្ថិភាព។ និងអ្នករួមដំណើរ ឈ្មោះ ថាវ ហៀង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា រងរបួសស្រាល។
មូលហេតុអ្នកទាំងពីរនាក់ បើកបរខ្វះការប្រុងប្រយ័ត្ន មិនទាន់យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកឡើយ។ ដោយឡែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments