Ad Code

ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ ខណៈ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​មិនទាន់​គ្រប់​អាយុ​



​ប៉ៃលិន ​៖ ​ព្រះសង្ឃ​មួយអង្គ ត្រូវបាន​សមត្ថកិច្ច​សហកា​រ​គ្នា​ឃាត់​ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិនបាន​សម្រេច ទៅលើ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ម្នាក់ កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់ទឹក ​ខាងក្រោយ​ការិយាល័យ​ទេសចរណ៍ ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប៉ុន្តែ​ត្រូវ​ចាប់​ផ្សឹក​ភ្លាមៗ បន្ទាប់ពី​សាកសួរ​រួច​រាល់​ពី​សមត្ថកិច្ច និង​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ប៉ៃលិន នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ លោក សំ សាវឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ប៉ៃលិន។​

ព្រះសង្ឃ​ជា​ជនសង្ស័យ​ ឈ្មោះ ពិន ចាន់​សេរី​រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​ព្រះសង្ឃ គង់នៅ​វត្ត​ក្រពើ ស្ថិតនៅ​ក្នុងភូមិ​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ដោ​យមក​ស្នាក់នៅ​ខេត្ត​ប៉ៃលិន មិនដឹង​វត្ត​ច្បាស់លាស់ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម​.​ន​.​ម​.​ល​.​យ អាយុ០៣​ឆ្នាំ រស់​នៅ​ជាមួយ​ឪពុកម្តាយ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ថា​មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ មិនបាន​សម្រេច សមត្ថកិច្ច​ជំនាញ ក៏​ចុះ​ស្រាវជ្រាវ​រក​ព្រះសង្ឃ ដែលជា​ជនសង្ស័យ ប៉ុន្តែ​ត្រូវបាន​ជម្លៀស​ខ្លួន​តាម​រថយន្ត ទៅ​កាន់​ខេត្តបាត់ដំបង ពេលនោះ​សមត្ថកិច្ច​ជំនាញ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ចរាចរណ៍ ដែល​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​តាម​ផ្លូវ​ជាតិ​លេខ​៥៧ ឃាត់​រថយន្ត ដែល​ជនសង្ស័យ​ជិះ រួច​ក៏​ឃាត់​ខ្លួន​បានតែ​ម្តង។

ប្រភពព័ត៌មាន​បាន​បន្ត​ថា​ ក្រោយពី​ឃាត់​ខ្លួន​ព្រះសង្ឃ ដែលជា​ជនសង្ស័យ​រួច សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជននេះ មកកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​សាកសួរ​បន្ថែមទៀត រួច​​ប្រគល់​ឲ្យ​ខាង​មន្ទីរ​ធម្មការ​ និង​សាសនា ​ជាអ្នក​ដោះស្រាយ​បន្ត។​

ចំណែក ​លោក សំ សាវឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ប៉ៃលិន ក៏បាន​ឲ្យ​ដឹង ​កាលពី​រសៀល​ថ្ងៃទី​១១​ធ្នូ​នេះដែរ​ថា រឿងហេតុ​ខាងលើ ​គឺមាន​ការយល់ច្រលំ​ខ្លះៗ ដោយសារតែ​ករណីនេះ​គឺ​លោក បាន​ឲ្យ​លុយ​ក្មេងស្រី​រងគ្រោះ​ចំនួន​៥០០​រៀល ហើយ​ក្មេងស្រី​រងគ្រោះ​តាម​ព្រះសង្ឃ​ទៅ​ខាង​លើ​ក្រោយ​កន្លែងកើតហេតុ​។ ដោយ​មិន​ចង់​ឲ្យ​ខេត្ត​ប៉ៃលិន​មានឈ្មោះ​អាស្រូវ ខាង​មន្ទីរ​ក៏​ប្រជុំ​ជា​មួយ​មន្ត្រី​សង្ឃ​ខេត្ត ឲ្យ​លោក ដែល​ជា​ជនសង្ស័យ​ផ្សឹក​តែម្ដង ​គឺ​នៅ​ថ្ងៃកើតហេតុ​ខាងលើ។

លោក​បន្តទៀតថា​ ព្រះសង្ឃ ដែលជា​ជនសង្ស័យ មក​ស្នាក់នៅ​ខេត្ត​ប៉ៃលិន ដោយ​មិនដឹង​គង់នៅ​វត្ត​ណា​នោះទេ តែ​លោក​បាន​បញ្ជាក់ថា ព្រះសង្ឃ​ជា​ជនសង្ស័យ គឺ​ធ្លាប់​គង់នៅ​វត្ត​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ផងដែរ។​

សូមបញ្ជាក់ថា​ បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ជា​ជនសង្ស័យ ធ្លាប់​ដើរ​បិណ្ឌបាត ក្នុង​ក្រុងប៉ៃលិន រយៈពេល​ជាង​កន្លះ​ខែ​មកហើយ ប៉ុន្តែ​មិនដឹង​នៅ​វត្ត​ណា​នោះទេ តែបើ​តាម​ការសាកសួរ​ពី​ព្រះសង្ឃ​នេះ​ផ្ទាល់​ថា លោក​គង់នៅ​វត្តភ្នំ​យ៉ា​ត​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu