ខ្សែការពារ Lucas Digne របស់ក្រុម Evertonស៊ុតបានពិន័យ Free-kickយ៉ាងអស្ចារ្យនៅក្នុងម៉ោងបន្ថែម ដើម្បីរកបានលទ្ធផលស្មើ២-២ជាមួយក្រុម Watfordនៅជំនួប Premier Leagueនៅក្នុងទឹកដី Goodison Parkកាលពីថ្ងៃចន្ទ។
កីឡាករ Richarlison បានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខ មុនពេលក្រុម Watfordសម្រេចបានការនាំមុខ២-១ ជាមួយនឹង២គ្រាប់រកបានត្រឹមរយៈពេល៣នាទី ក្រោយលេងបាន១ម៉ោង ក្នុងនោះកីឡាករ Seamus Coleman បណ្តោយឲ្យបាល់ចូលទីខ្លួនឯង និងការតែតបាល់បញ្ចូលទីរបស់កីឡាករ Abdoulaye Doucoure ។
ដោយកីឡាករ Gylfi Sigurdsson ធ្វើឲ្យបាត់បង់ឱកាសតាមស្មើ សម្រាប់ក្រុមម្ចាស់ផ្ទះ ពេលដែលការស៊ុតបាល់ប៉េណាល់ទីរបស់គាត់ត្រូវសង្គ្រោះបាននៅរយៈពេលប៉ុន្មាននាទីក្រោយមកនោះ ក្រុម Watford ស្ថិតលើដំណើរឆ្ពោះទៅរកជ័យជំនះទៅហើយ ប៉ុន្តែកីឡាករ សញ្ជាតិបារាំង Digne សម្រេចបានគ្រាប់បាល់លើកដំបូងរបស់គាត់សម្រាប់ក្រុម Everton ដើម្បីសង្គ្រោះបាន១ពិន្ទុមកវិញ។
ក្រុម Evertonសំឡឹងចង់បានជ័យជំនះ ដើម្បីអាចហក់ឡើងពីលើក្រុម Man Utdទៅលេខរៀងទី៦ ពេលដែលកីឡាករប្រេស៊ីល Richarlison រកបានគ្រាប់បាល់ ពេលប៉ះជាមួយក្រុមចាស់របស់គាត់ ក្រោយលេងបាន១៥នាទីប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រាប់បាល់នេះ ជម្លោះផងដែរ ដោយសារកីឡាករ Theo Theo Walcott របស់ក្រុម Evertonទំនងជាអកហ្ស៊ើ។
លោក Javi Gracia គឺជាអ្នកចាត់ការរបស់ក្លិប Watfordបាននិយាយថា លោកមិនចង់និយាយអ្វីទេពីអាជ្ញាកណ្តាល។ បើសិនជាមានប្រព័ន្ធវីដេអូអាជ្ញាកណ្តាលជំនួយការ VAR នៅថ្ងៃនេះមែននោះ ច្បាស់ណាស់ថា នឹងមានលទ្ធផលខុសប្លែកពីនេះ៕
Source: Kampuchea Thmey Daily
0 Comments