សេចក្តីរាយការណ៍ពាក់ព័ន្ធនឹងរឿងអាស្រូវបំពានផ្លូវភេទនៅក្នុងក្រុមកាយសម្ព័ន្ធសហរដ្ឋអាមេរិក ធ្វើឲ្យមានការស្តីបន្ទោសធ្ងន់ៗមកលើគណៈកម្មាធិការកីឡាអូឡាពិកសហរដ្ឋអាមេរិក(USOC) កាលពីថ្ងៃចន្ទ ដោយគេអះអាងថា គណៈគ្រប់គ្រងមួយនេះ បានជួយបង្កើតបរិស្ថានមួយដែលអនុញ្ញាតឲ្យអតីតវេជ្ជបណ្ឌិតក្រុមកាយសម្ព័ន្ធសហរដ្ឋអាមេរិក លោក Larry Nassar បំពានលើក្រុមអត្តពលិករាប់រយនាក់។
របាយការណ៍២៣៣ទំព័រ បាននិយាយថា ក្រុមនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរបស់ USOC មិនបានប្រតិកម្មភ្លាមៗ ពេលដែលការចោទប្រកាន់ដំបូងធ្វើឡើងប្រឆាំងនឹងលោក Nassarកាលពីឆ្នាំ២០១៥ តែផ្ទុយទៅវិញ បែរជាពួកគេព្យាយាមបិទបាំងបទឧក្រិដ្ឋរបស់វេជ្ជបណ្ឌិតម្នាក់នេះ រហូតដល់រឿងអាស្រូវផ្ទុះឡើងដល់សាធារណជន កាលពីចុងឆ្នាំ២០១៦។
ក្រុមស៊ើបអង្កេតដែលបានជូលដោយ USOCដើម្បីបើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើរឿងអាស្រូវមួយនេះ បាននិយាយថា លោក Scott Blackmun ដែលជាអតីតប្រធានប្រតិបត្តិរបស់ USOC និងប្រធានផ្នែកកីឡាករបច្ចុប្បន្នរបស់ USOC លោក Alan Ashley ត្រូវបានគេរកឃើញថាមានកំហុសដូចគ្នាក្នុងភាពសកម្មទាំងនេះ ក្រោយការទម្លាយឲ្យដឹងដំបូងពីការចោទប្រកាន់ផ្លូវភេទមួយនេះ។
កាលពីល្ងាចថ្ងៃចន្ទ លោក Sarah Hirshland គឺជាប្រធានប្រតិបត្តិរបស់ USOCបានអះអាងថា Ashley ត្រូវបានបណ្តេញចេញពីមុខតំណែងរបស់លោក ស្របពេលមានរបាយការណ៍មួយនេះ។
ការស៊ើបអង្កេតដែលធ្វើឡើងដោយក្រុមហ៊ុនច្បាប់ Ropes & Gray ស្ថិតនៅក្នុងទីក្រុង Boston បានគូរូបភាពនៃការខកខាន ដែលធ្វើឲ្យលោក Nassar បំពានលើអត្តពលិករាប់រយនាក់បែបនេះ៕
Source: Kampuchea Thmey Daily
0 Comments