នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នឹងទៅជួបលោកស្រី Angela Merkel របស់ប្រទេសអាល្លឺម៉ង់នៅថ្ងៃអង្គារខណៈលោកស្រីកំពុងធ្វើការដើម្បីសង្គ្រោះកិច្ចព្រមព្រៀង Brexit របស់លោកស្រី, មួយថ្ងៃបន្ទាប់ពីពន្យារពេលការបោះឆ្នោតសភាដើម្បីជៀសវាងការបរាជ័យ។
ជាដំបូង លោកស្រីនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡាអេសិនដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte មុនពេលជួបលោកស្រី Merkel នៅទីក្រុងបែរឡាំងខណៈពេលលោកស្រីតស៊ូដើម្បីបង្រួបបង្រួមសមាជិកសភាអង់គ្លេសនៅពីក្រោយផែនការរបស់ខ្លួន។
មេដឹកនាំរូបនេះកំពុងប្រឈមនឹងការបះបោរមួយនៅក្នុងគណបក្សរបស់លោកស្រីនិងពីសម្ព័ន្ធមិត្តសភាដែលគំរាមកំហែងបំផ្លាញទាំងកិច្ចព្រមព្រៀងនិងភាពជាអ្នកដឹកនាំរបស់លោកស្រី។
លោកស្រីបានប្រាប់សមាជិកសភាស្តីពីដំណើរទៅកាន់អឺរ៉ុបតាមការគ្រោងទុករបស់លោកស្រីមុនកិច្ចប្រជុំកំពូល EU នៅចុងសប្តាហ៍នេះថា “ឥឡូវនេះ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីទទួលបានការធានាបន្ថែមទៀត”។ លោកស្រីបន្តថា “ខ្ញុំនឹងពិភាក្សាជាមួយពួកគេអំពីក្តីបារម្ភដ៏ជាក់ច្បាស់ដែលសភានេះបានបង្ហាញ”។
ប៉ុន្តែប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានព្រមានថា ប្លុកនេះនឹងមិនបើកឡើងវិញនូវកិច្ចព្រមព្រៀងដែលបានឈានដល់នៅក្នុងខែវិច្ឆិកាទេបន្ទាប់ពីការចរចាជាច្រើនខែ។
លោកបាននិយាយសំដៅទៅលើឃ្លាដែលត្រូវជំទាស់នៅក្នុងកិច្ចព្រមព្រៀងទាក់ទងនឹងប្រទេសអៀរឡង់ខាងជើងថា “យើងនឹងមិនចរចាកិច្ចព្រមព្រៀងនោះជាថ្មីទេរួមទាំងចំនុចបម្រុងផងដែរ។ ប៉ុន្តែយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីពិភាក្សាគ្នាអំពីរបៀបដើម្បីសម្រួលដល់ការផ្តល់សច្ចាប័នរបស់ចក្រភពអង់គ្លេស”។
សមាជិកសភានឹងត្រូវបោះឆ្នោតនៅរាត្រីថ្ងៃអង្គារស្តីពីកិច្ចព្រមព្រៀងជាមួយក្រុងប្រ៊ូសសែលដែលគ្របដណ្តប់លើលក្ខខណ្ឌនៃការដកខ្លួនរបស់ចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុបបន្ទាប់ពីរយៈពេល៤៦ឆ្នាំ។
ប៉ុន្តែស្របពេលប្រឈមមុខនឹងការបះបោរដ៏ធំសម្បើមមួយពីសមាជិកសភារបស់លោកស្រីផ្ទាល់ជាពិសេសនៅលើលក្ខខណ្ឌដែលត្រូវបានបង្កើតឡើងដើម្បីរក្សាព្រំដែនអង់គ្លេសជាមួយអៀរឡង់នោះ, លោកស្រី May បានទទួលស្គាល់ថា លោកស្រីគិតមុនថានឹងទទួលបរាជ័យហើយបានពន្យារពេលការបោះឆ្នោតនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments