Ad Code

ឈ្មួញ​ឈើ​ឈ្មោះ​ ទី បាន​ប្រើប្រាស់​រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ​ដឹក​ឈើ មិន​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប



រតនគិរី ​៖​ រថយន្ត​ឡង់​គ្រី​ស័​រ​កាត់​ទ្រុង​កែច្នៃ​ដឹក​ឈើ​ប្រណិត​ពេញ​ប្រៀប​ បើក​ចេញពី​ភូមិ​សមុទ្រ​លើ​ឃុំ​សេ​ដា ស្រុក​លំផាត់​ ខេត្ត​រតនគិរី ​ឆ្លងកាត់​ក្បែរ​ស្នាក់ការ​ប៉េអឹម​ស្រុក​បរ​កែវ​ ឆ្ពោះ​មក​ចូល​តាម​ច្រក​របៀង​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ បាន​យ៉ាង​រលូន។

ជាក់ស្ដែង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ មាន​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​កែច្នៃ ​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី ភេទ​ប្រុស ជា​ឈ្មួញ​ដឹកឈើ​ជា​យូរ​ឆ្នាំ​មកហើយ ​មិន​ត្រូវ​បាន​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​ និង​បង្ក្រាប​ឡើយ ដោយសារ​ជា​ឆ្នាំងបាយ​របស់​ខ្លួន​ទើប​មិន​ធ្វើការ​បង្ក្រាប​បែបនេះ​។ បើ​រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​មិនបាន​ចូលទៅ​បង់លុយ​ឲ្យ​សមត្ថកិច្ច​វិញ​នោះ គេ​នឹង​ធ្វើការ​បង្ក្រាប​ភ្លាមៗ ដើម្បី​យក​ស្នាដៃ​ឲ្យ​ថ្នាក់លើ​បាន​ដឹង​ថា​ ខ្លួន​បាន​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​រថយន្ត​ដឹក​ឈើ​នេះ។

លោក​ញ៉ែម ស៊ីណាត កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​ទិស​នៅ​ខេត្ត​រតនគិរី កាលពី​ព្រឹក​ថ្ងៃទី​២៧​ធ្នូ​នេះ​ កម្ពុ​ជាថ្មី បាន​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។​

​ចំណែក​លោក ស៊ឹម លិ​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ កម្ពុ​ជាថ្មី មិនអាច​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៧​ធ្នូ​នេះ​បានទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​ដូចគ្នា​។​

បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ឈើ​បន្តិចបន្តួច​បាន​ត្អូញត្អែរ​ថា ពួកគាត់​រកស៊ី​ដឹក​ឈើ​សព្វថ្ងៃ​នេះ​មិន​ចំណេញ​ទេ ដោយសារ​សមត្ថកិច្ច​យាម​តាម​ដង​ផ្លូវ​យក​ច្រើនពេក បើ​គាត់​ឲ្យ​តិច​មិន​យក​ទេ សមត្ថកិច្ច​និយាយ​ថា បើ​មិន​រក​ចំណេញ​ទេ​ ឈប់​រកស៊ី​ទៅ។

សូម​បញ្ជាក់​ថា សមត្ថកិច្ច​ដែល​យាម​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៧៨ ចាប់ពី​ក្រុង​បាន​លុង​រហូតដល់​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ មាន​ប្រមាណ​៧០​ស្ថាប័ន ដែល​សមត្ថកិច្ច​ទាំង​នេះ​ បាន​ទទួល​លាភ​សក្ការៈ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​រថយន្ត​ណា​មិន​បាន​ចូល​បង់លុយ​ឲ្យ ហើយ​បើក​គេច​ពី​សមត្ថកិច្ច​ដែល​យាម​នៅ​តាម​ដង​ផ្លូវ​នោះ​ គេ​នឹង​ធ្វើការ​ចុះ​បង្ក្រាប​ភ្លាមៗ​តែម្ដង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu