Ad Code

ពាក់មួក​សុវត្ថិភាព​ ដើម្បី​ការពារ​អាយុជីវិត​អ្នក​ មិនមែន​ដើម្បី​ការពារ​ប៉ូលិស​ផាក​នោះ​ទេ​



​ឧត្តរមានជ័យ​ ៖ នា​ព្រឹក​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​បាន​បើក​យុទ្ធនាការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​និង​ចែក​មួក​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០០​មួក ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ផ្លូវ​រង្វង់​មូល​ជ័យវរ្ម័ន​ទី​៧ ក្រោម​អធិបតីភាព​ឯកឧត្ដម ​លឹម សុខ​តូ អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ស្តីទី។

ក្នុងនោះ​ផងដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ លោក ​សាំង ប៊ុន​ថេ​ន ​ប្រធាន​មន្ទីរ​សាធារណការ និង​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ​ព្រមទាំង​មន្ត្រី​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផងដែរ​។​

នៅ​ក្នុង​យុទ្ធនាការ​នេះ ឯកឧត្ដម​ សុខ​តូ បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា និង​បើកបរ​ម៉ូតូ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ការពារ​នូវ​អាយុជីវិត។ ឯកឧត្ដម ក៏បាន​ណែនាំ​ដល់​កម្លាំង​ចរាចរណ៍​ត្រូវ​មាន​ឥរិយាបថ​ទន់ភ្លន់​ចំពោះ​ប្រជា​ពលរដ្ឋ ដោយ​ត្រូវ​អប់រំ​ណែនាំ​អំពី​សារប្រយោជន៍​ពាក់មួក​សុវត្ថិភាព និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​គោល​សំខាន់ៗ​ដល់​ពួកគាត់ ដោយ​មិន​ត្រូវ​ប្រើប្រាស់​អាកប្បកិរិយា​ណាមួយ​មិន​សមរម្យ​នោះ​ឡើយ ។

ដោយឡែក ​រាល់​អ្នក​បើក​បរ​ត្រូវ​គិត​ថា ការ​ពាក់​មួក​សុវត្ថិភាព​ គឺ​ដើម្បី​ការពារ​អាយុជីវិត​របស់​អ្នក មិន​មែន​ពាក់​ដើម្បី​ការពារ​ប៉ូលិស​ផាក​នោះ​ឡើយ។

នៅ​ក្នុង​យុទ្ធនាការ​នេះ មន្ទីរ​សាធារណការ​ខេត្ត​ឧត្តរមានជ័យ បាន​ចែក​មួក​សុវត្ថិភាព​ប្រមាណ​២០០​មួក​ជូន​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​បិទ​ចំណាំង​ប្លាត​តាម​ម៉ូតូ​ជូន​ពួកគាត់​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu