Ad Code

រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​រៀងរាល់​យប់ ​ដើម្បី​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ​ពិសេស​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ ឈ្នះ ឈ្នះ​



​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ជាប្រចាំ​រៀងរាល់​យប់ មិនដែល​ខក​ខាន​ឡើយ​។

ជាក់ស្ដែង នា​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ចាប់ពី​វេលា​ម៉ោង​២០​និង​៣០​នាទី ដល់​ម៉ោង​២១​និង​៣០​នាទី​យប់ ដឹកនាំ​ដោយ លោក ស៊ឹម សុ​ផង់ នាយក​រដ្ឋបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ត្រួតពិនិត្យ​សារជាតិ​ញៀន និង​រថយន្ត​កែច្នៃ​ត​ទ្រុង​វែង​ខុស​លក្ខណៈ​បច្ចេកទេស នៅ​គោលដៅ​ផ្លូវជាតិ​លេខ ៥ (​ខាងមុខ​អនុវិទ្យាល័យ​ព្រែក​ព្នៅ​) សង្កាត់​ព្រែក​ព្នៅ​។​

លោក ស៊ឹម សុ​ផង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​ លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ លោក ​និង​មន្ត្រី​សាលា​ខណ្ឌ​ជាច្រើន​នាក់​ទៀត​ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​សរុប​ចំនួន​៤៥​នាក់ ក្នុង​នោះ​កម្លាំង​ប៉ូលិស​សង្កាត់​-​ខណ្ឌ​ចំនួន​១៥​នាក់ កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​ចំនួន​១០​នាក់ មន្ត្រី​សាលា​ខណ្ឌ​ចំនួន​០៨​នាក់ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​-​សង្កាត់​ចំនួន​១២​នាក់​។​

ជា​លទ្ធផល​ត្រួតពិនិត្យ រថយន្ត​ធំ​ធន់​ធ្ងន់​ឆ្លងកាត់​ចំនួន​២៣​គ្រឿង ក្នុង​នោះបាន​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹក​លើស​ទម្ងន់​សំពីងសំពោង​ចំនួន​៤​គ្រឿង បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត​។​

ត្រួតពិនិត្យ​រថយន្ត​តូច​ឆ្លងកាត់​ចំនួន​១៨​គ្រឿង ក្នុង​នោះបាន​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹក​លើស​ទម្ងន់​សំពីងសំពោង​ចំនួន​៥​គ្រឿង។ រថយន្ត​ត​ទ្រុង​វែង​ខុស​លក្ខណៈ​បច្ចេកទេស​គ្មាន​។ ត្រួត​ពិនិត្យ​ម៉ូតូ​ឆ្លងកាត់​ចំនួន​៣៥​គ្រឿង ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ឆ្លងកាត់​គ្មាន​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ករណី​ប្រើប្រាស់​គ្រឿងញៀន​។​

លោកនាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ប្រាប់​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ មាន​ជា​រៀងរាល់​យប់​តែម្ដង ដើម្បី​ត្រួតពិនិត្យ​បទល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទូទៅ​ផង​ដែរ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu