ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជននេះធ្វើសកម្មភាពលួចម៉ូតូគេបានហើយ រត់គេចខ្លួនរយៈពេល៣ថ្ងៃ។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី២០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈិន គឹមឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុម៩ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ហើយមានសារធាតុញៀនជាប់ខ្លួន (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។ រីឯម្ចាស់ម៉ូតូឈ្មោះ ស្ងួន ហ៊ត់ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរលក់ដូរ។
សមត្ថកិច្ចឲ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី០៧ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជនរងគ្រោះបានទុកម៉ូតូនៅក្បែរផ្ទះជួលរបស់ខ្លួន ក្រោយមកស្រាប់តែត្រូវចោរលួចបាត់តែម្ដង។ បន្ទាប់ពីបាត់ម៉ូតូ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សមត្ថកិច្ចឫស្សីកែវ។
ប្រភពពីសមត្ថកិច្ចបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេតកំណត់បានអត្តសញ្ញាណជនសង្ស័យ លុះដល់ម៉ោងខាងលើក៏បានឃាត់ជនសង្ស័យតែម្ដង។
សម្ភារៈដកហូតមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BL-1916ប្រគល់ជូនឲ្យម្ចាស់វិញ។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments