កំពង់ធំ​ ៖​ អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ទៀត​ហើយ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្នុង​នោះ​រថយន្ត អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ប្រចាំ​អធិការ​ស្រុក​បារាយណ៍ ពុំបាន​ចេញទៅ​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​ទេ ដោយ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​អះអាង​ថា ដោយសារតែ​ទទួល​ព័ត៌មាន មានការ​យឺតយ៉ាវ ធ្វើ​ឲ្យ​ចេញទៅ​អន្តរាគមន៍​មិនទាន់ បណ្តាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះមួយ​ខ្នង បាន​ទាំងស្រុង។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្ដាន់​បាន​បញ្ជាក់​ថា ហេតុការណ៍​ដែល​មាន អគ្គិភ័យ​ឆេះ​ផ្ទះ​របស់​អ្នកភូមិ​នេះ គឺ​បាន​កើតឡើង នៅវេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ​ម្ចាស់ផ្ទះ​ត្រូវបាន​ស្គាល់ ឈ្មោះ សៅ ព្រីង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ផ្ទះ​ទំហំ​៥​ម​x៦​ម​ធ្វើ​អំពី​ឈើ ប្រក់​ស្បូវ ជញ្ជាំង​ក្តារ ​ស្ថិតនៅ​ភូមិ​ឈូក ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់​។​

​ចំណែក​លទ្ធផល​សរុប​ នៃ​ការខូចខាត ក្នុងគ្រា​មាន​អគ្គិភ័យ​កើតឡើង​នេះ មានផ្ទះ​ឈើ​០១​ខ្នង​ឆេះ​ទាំងស្រុង​មាន​ទំហំ​៥​ម​x៦​ម ,​ប្រាក់​រៀល​ចំនួន​៣​លាន​រៀល​, ស្រូវ​ចំនួន​២០​បេ​, រួម​ទាំង​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​មួយចំនួនទៀត។ ចំពោះ​មូលហេតុ​ដែល បានធ្វើ​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​នេះ សមត្ថកិច្ច​បានបញ្ជាក់​ថា គឺ​បណ្តាល​មកពី​មានការ​ធ្វេសប្រហែស ពុំមាន​ពន្លត់​ភ្លើង​ចង្ក្រាន ទើប​ធ្វើ​ឲ្យ​ឆេះ​រាល​ដាល ដល់​លំនៅដ្ឋាន។​

ក្នុង​នោះ​ ក៏មាន​មតិ​សំណូមពរ​ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​មាន​តួនាទី​ប្រចាំការ ចាំ​ជួយ​អន្តរាគមន៍​ដល់ ប្រជាពលរដ្ឋ ដែល​មាន​ទុក្ខ​លំបាក ឬ​គ្រាអាសន្ន​ដែល​បាន​កើត​ឡើងជា​យថាហេតុ មានការ​ត្រៀម​លក្ខណៈ ដើម្បី​ជួយ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​សម​ទៅនឹង​ការ​តបស្នង​សង​គុណ​ដល់​ម្ចាស់​ឆ្នោត ក៏ដូចជា​ការអនុវត្ត​យុទ្ធសាស្ត្រ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មន្ត្រី​ជា​ខ្ញុំបម្រើ​រាស្ត្រ ដឹង​ពី​សុខទុក្ខ​របស់​រាស្ត្រ ចាំ​ជួយ​អន្តរាគមន៍ ដោយ​គ្មាន​ការ​ធ្វេសប្រហែស៕​

Source: Kampuchea Thmey Daily