Ad Code

មន្ត្រី​ជាន់​ខ្ពស់​ក្រសួងសុខាភិបាល​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​នៅ​ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង



ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព ​ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃទី​៣០​ ខែធ្នូ​ខាងមុខ​ដ៏​ខ្លី​នេះហើយ​។​

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​កុមារ​និង​មនុស្ស​វ័យ​ចំណាស់​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​ផ្តាសាយ រលាក​បំពង់ក ក្រពះ ពោះវៀន​និង​ជំងឺ​រលាក​សួត​ដែល​បណ្តាលមកពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ឲ្យ​ដឹង​ថា​ ជំងឺ​ផ្ដាសាយ​នេះ ​ធ្វើ​ឲ្យ​អ្នកជំងឺ​អាការៈ​ក្អក កណ្ដាស់​ ហៀរ​សំបោរ​និង​ក្តៅ​ខ្លួន។ ចំណែក​ជំងឺ​រលាក​សួត​វិញ​កើតឡើង​បណ្តាលមកពី​អ្នកជំងឺ​ផ្តាសាយ​ទុក​យូរ​មិនបាន​ព្យាបាល​ ហើយ​ជំងឺ​នេះ​ប្រសិនបើ​មិនបាន​ស្វែងរក​ការ​ព្យាបាល​ឲ្យ​បាន​ទាន់ពេល​ទេ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ដោយសារ​ការ​មាន​អាការៈ​ហត់​ដង្ហក់ ​និង​ថប់ដង្ហើម។

លោក​វេជ្ជបណ្ឌិត​ បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ស្លៀកពាក់​សំលៀកបំពាក់​ក្រាស់​ៗ​ការពារ​ធាតុ​ត្រជាក់ ពាក់​ម៉ាស់​ការពារ​មិន​ឲ្យ​ធូលី​ហ៊ុយ​កាត់បន្ថយ​ការ​ចម្លង​វីរុស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ និង​ត្រូវ​ឧស្សាហ៍​លាង​សំអាត​ដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ការពារ​ការ​ចម្លង​រោគ​ផ្សេងៗ និង​កុំ​ចោល​សំរាម ខាកស្តោះ​ទឹកមាត់​ឬ​កំហាក​ពាសវាល​ពាសកាល​ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ចម្លង​ដល់​អ្នក​ផ្សេងទៀត​បាន​។​

ទន្ទឹម​នឹង​នេះ ​លោក​វេជ្ជបណ្ឌិត​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​បញ្ហា​ពុល​ចំណី​អាហារ​ព្រោះ​ការ​ពុល​ចំណីអាហារ​នេះ​អាច​កើតឡើង​គ្រប់​រដូវ​កាល​មិន​ថា​រដូវ​ក្តៅ​ឬ​ត្រជាក់​នោះទេ​។​ ដូចនេះ​សូម​ប្រជា​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត​ឬ​ទឹក​ដាំ​ពុះ​ក្តៅ​អ៊ុនៗ ហាម​ប្រើ​ថ្នាំ​ប្រភេទ​អង់​ទី​ប៊ី​យោ​ទិ​ក​ ដោយ​គ្មាន​វេជ្ជបញ្ជា ត្រូវ​បរិ ភោគ​អាហារ​ដែល​មាន​ពណ៌​បៃតង​និង​លាង​សំអាត​ត្រី​សាច់​ និង​បន្លែ​ឲ្យ​បាន​ស្អាត​និង​មាន​អនាម័យ។

លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ពេល ​ដែល​មាន​បញ្ហា​សុខភាព​ត្រូវ​ប្រញាប់​ទៅកាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ហើយ​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​ពិសេស​ទារក កុមារ​និង​មនុស្ស​វ័យ​ចំណាស់​។​

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​កាល​ព្រឹក​ថ្ងៃទី​២៦​ធ្នូ​ឆ្នាំ​២០១៨​ឲ្យ​ដឹង​ដែរ​ថា ​ប្រទេស​កម្ពុជា ​នឹង​ចាប់ផ្ដើម​ចុះ​ត្រជាក់​ពីថ្ងៃ​ទី​៣០​និង​៣១​ខែធ្នូ ​ឆ្នាំ​២០១៨​នេះ​រហូតដល់​ដើមខែ​មករា​ឆ្នាំ​២០១៩​ និង​ចុះ​ត្រជាក់​ខ្លាំង​នៅ​ចុងខែ​មករា​ ឬ​នៅ​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ខាងមុខ​ជាពិសេស​នៅ​តាម​តំបន់​ភ្នំ​ដែល​មាន​សីតុណ្ហភាព​គិត​ជា​មធ្យម​ពី​១៥​ទៅ​១៧​អង្សា​សេ​និង​ពី​១៩​ទៅ​២០​អង្សា​សេ​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​។​

លោក​បាន​បន្តថា ​បញ្ហា​អាកាសធាតុ​ចុះ​ត្រជាក់​នេះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានធ្វើការ​ផ្សព្វផ្សាយ​រួចហើយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ភ្នំ​ដែលមាន​ការចុះ​ត្រជាក់​ខ្លាំង​។​

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់​បាន​អំពាវនាវ​ដល់​មន្ត្រី​សុខាភិបាល​ដែល​ទទួលខុសត្រូវ​នៅតាម​ម ណ្ឌ​ល​សុខភាព​ក្នុង​ករណី​ឃើញ​មាន​ជំងឺ​ដែល​ខុស​ពី​ប្រក្រតី​ត្រូវ​រាយការណ៍​បន្ទាន់​មក​ក្រសួងសុខាភិបាល​ឬ​តាមរយៈ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥​ដើម្បី​ក្រសួង​មាន​វិធានការ​ឲ្យ​បាន​ទាន់ពេលវេលា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu