Ad Code

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ផ្ដល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាព​ស្អាតស្អំ​



​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ កង សុខន អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ផ្ដល់​សេវា​សាធារណៈ​ប្រកបដោយ​ភាព​ស្អាតស្អំ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព ផលិត​ភាព គណនេយ្យ​ភាព និង​តម្លាភាព ជូន​ប្រជាពលរដ្ឋ​។

ថ្លែង​នៅក្នុង​ពិធី​បិទ​បញ្ចប់ វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​យេនឌ័រ​ និង​គណនេយ្យ​ភាព​សង្គម កាលពី​រសៀល ​ថ្ងៃទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នាយ​ឧត្ដមសេនីយ៍ កង សុខន បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ផ្ដល់​សេវា​សាធារណៈ​ផ្សេងៗ​ជួន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ ​ចាំបាច់​តម្រូវ​ឲ្យ​មន្ត្រី​សិក្ខា​កាម ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ទាំងអស់ ត្រូវ​ពង្រឹង​បន្ថែម​លើ​យន្តការ​តាមដាន​ និង​ការ​វាយតម្លៃ​ការងារ​របស់ខ្លួន ក្នុង​ការផ្ដល់សេវា​អត្រានុកូលដ្ឋាន ការផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ការផ្ដល់​លិខិតឆ្លងដែន ការផ្ដល់​សៀវភៅ​គ្រួសារ​និង​សៀវភៅ​ស្នាក់នៅ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​អំពើ​អសកម្ម ដែល​អាច​កើតមានឡើង​ចំពោះ​ប្រជាពលរដ្ឋ ក្នុង​ការធានា​រូបភាព និង​ភាពជឿរ​ជាក់​លើ​សេវាសាធារណៈ តាមរយៈ​ការកសាង​ប្រព័ន្ធ​ស្ថាប័នរដ្ឋ ប្រកបដោយ​ចីរភាព​។​

នាយ​ឧត្ដមសេនីយ៍ កង សុខន បាន​ឲ្យ​ដឹង​បន្តទៀតថា ​ក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចំនួន​៤ លើ​ការងារ​អនុវត្ត​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្នុងនោះ​រួម​មាន ការកែទម្រង់ ​និង​លើ​កម្ពស់​ស្ថាប័ន ការពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ ការពង្រឹង​ប្រសិទ្ធភាព ​នៃ​ការអនុវត្ត​ការងារ ការ​ពង្រឹង​អភិបាលកិច្ច​លើ​វិស័យ​ឯកជន​ ដើម្បី​លើ​កម្ពស់​គុណភាព​សេវា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

ជាមួយគ្នា លោកស្រី ឧត្ដមសេនីយ៍ឯក ឌុ​ច ដា​ណា អគ្គនាយករង និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​យេនឌ័រ និង​គណនេយ្យ​ភាព​សង្គម​នេះ​ គឺ​ដើម្បី​លើ​ក​កំពស់​គុណភាព​សេវា​សាធារណៈ ដល់​ប្រពល​រដ្ឋ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ពង្រឹង​សមត្ថភាព​ក្នុង​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​តម្កល់​ផល​ប្រយោជន៍​រួម​ជូន​ជន​ប្រជាពលរដ្ឋ​។​

គួរ​បញ្ជាក់​ថា សិក្ខាកាម ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​យេនឌ័រ និង​គណនេយ្យ​ភាព​សង្គម មាន​ចំនួន​១៥០​នាក់ ដោយ​បាន​សិក្សា​លើ​៨​ជំនាញ ក្នុង​នោះ​រួមមាន​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និង​បរិយាកាណ៍​អភិបាលកិច្ច​ល្អ ទស្សនាទាន និង​គោលការណ៍​អភិបាលកិច្ច​ល្អ ភាពជា​អ្នកដឹកនាំ ស្តង់ដារ​សេវា​សាធារណៈ បទពិសោធន៍ ​ស្ដីពី​តែមួយ ការអនុវត្ត​អភិបាលកិច្ច​ល្អ​នៅក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ សុរិចភាព និង​អភិបាលកិច្ច​ល្អ និង គោលនយោបាយ​យេនឌ័រ និង​ផែនការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu