•វ៉ែន ហុងជីវ៉ុង ជួប ធឹម ទាន់
វង្ស ពិសី អ្នកប្រដាល់ជើងថ្មី ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវបានគេផ្គូឲ្យជួបសាកកណ្តាប់ដៃជាមួយ ធី តុងហ៊ី អ្នកប្រដាល់ជើងចាស់ក្លិបពន្លឺវិបុលមានរិទ្ធ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ជើងថ្មីជើងចាស់ទាំងពីរនេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។ នេះជាការជួបគ្នាលើកទី១ របស់អ្នកប្រដាល់ទាំងពីរនាក់នេះ។ វង្ស ពិសី ជាអ្នកប្រដាល់ជើងថ្មី ដែលមិនទាន់មានឈ្មោះបោះសំឡេងនោះទេ តែគេវាយល្អ និងខ្លាំង ព្រមទាំងមានចិត្តប្រដាល់ធំថែមទៀត។
ធី តុងហ៊ី គេជាអ្នកប្រដាល់ដែលធ្លាប់ល្បីឈ្មោះបោះសំឡេងគួរសមដែរ កន្លងមក ប៉ុន្តែឥឡូវនេះគេរាងស្រុតធ្លាក់ចុះជាងមុន ដោយសារឥឡូវគេមានកម្លាំងស៊ុហ្វមិនគ្រប់គ្រាន់ ប៉ុន្តែគេវាយល្អ និងផ្លែល្អ ។ គេប្រកួតរាងឆេវឆាវបន្តិច ពិសេសនៅពេលដែលដៃគូវាយគេឈឺសាច់នោះ តុងហ៊ី គេក៏ចាប់ផ្ដើមមានកំហឹង ហើយវាយកាន់តែខ្លាំងនិងមានលក្ខណៈកាចជាងមុនទៀតផង។
យ៉ាងណាឥឡូវនេះ អ្នកប្រដាល់រូបនេះរាងឡើងបន្តិចវិញហើយ ដោយ៦-៧ប្រកួតចុងក្រោយនេះ គេវាយមិនដែលចាញ់នោះទេ។ ការប្រកួតលើកចុងក្រោយនេះ តុងហ៊ី ដែលជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយ ម៉ន ចៅក្របី នោះ គេបានផ្ដួលចៅក្របីនៅក្នុងទឹកទី៣។
និយាយរួម ធី តុងហ៊ី មិនជាខ្លាំងនោះទេ តែក៏មិនជាខ្សោយប៉ុន្មានដែរ។ បើតាមការប្រៀបធៀប អ្នកប្រដាល់រូបនេះ នឹងមានប្រៀបលើ វង្ស ពិសី សម្រាប់ការជួបគ្នាលើកដំបូងនេះ។ ព្រោះថា តុងហ៊ី គេក៏ធ្លាប់វាយឈ្នះសិស្សរួមគ្រូវង្ស ពិសី នេះដែរ គឺវង្ស វិឆ័យ។ ចាំមើល តើ ធី តុងហ៊ី អាចឈ្នះលើ វង្ស ពិសី បានឬអត់?។
វ៉ែន ហុងជីវ៉ុង ជាអ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ត្រូវជួបប្រកួតជាមួយ ធឹម ទាន់ អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី។ ជីវ៉ុង ជាអ្នកប្រដាល់ជើងចាស់ ឯធឹម ទាន់ ជាអ្នកប្រដាល់ស្រករក្រោយ តែមានស្នៀតប្រដាល់ល្អ វាយខ្លាំង កម្លាំងកាយសម្បទារឹងមាំ ហើយគេអាចវាយបានគ្រប់ស្ថានភាពប្រកួតទាំងអស់។
ធឹម ទាន់ ជួបជាមួយ វ៉ែន ហុងជីវ៉ុង មិនដឹងថាឈ្នះ ឬចាញ់នោះទេ? យ៉ាងណា ជីវ៉ុង ពេលនេះ គេក៏មិនជាខ្លាំងប៉ុន្មានដែរ។ ការប្រកួត៣-៤ ប្រកួតចុងក្រោយនេះ ជីវ៉ុង ចាញ់គេរហូត។
កែវ សំរិទ្ធ អ្នកប្រដាល់ក្លិបរាជសីហ៍ ខេត្តរតនគិរី នឹងជួបប្រកួតជាមួយ អូន ចាន់ឡឹង អ្នកប្រដាល់ក្លិបកុសលកីឡា ដោយជួបគ្នាក្នុងទម្ងន់៦៥គីឡូក្រាម។ ពីរនាក់នេះ ពុំធ្លាប់ ដែលជួបគ្នាទេកន្លងមក។
អូន ចាន់ឡឹង ក្រោយការបង្ហាញមុខលើសង្វៀនពីរប្រកួតចុងក្រោយនេះ គេបានផ្ដួលដៃគូ ឲ្យសន្លប់ក្នុងទឹកទី១ទាំងពីរប្រកួត។ ចាន់ឡឹង គេខ្ពស់ ដៃជើងវែងៗ ដែលនេះជាតែមឈ្នះលើគូប្រកួត។
ទោះជាយ៉ាងណា សម្រាប់ការឡើងប្រកួតជាមួយកែវ សំរិទ្ធ ពេលនេះ ចាន់ឡឹង មិនដឹងថាគេអាចយកឈ្នះ សំរិទ្ធ បានឬអត់នោះទេ?។
អេ រាជសីហ៍ អ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងជួបប្រកួតជាមួយ ណាក់ សុខា អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ពីរនាក់នេះ ពុំមានប្រវត្តិធ្លាប់ជួបគ្នាទេពីមុនមក។ ដូច្នេះ ចាំមើល តើ អេ រាជសីហ៍ គេអាចយកឈ្នះណាក់ សុខា បានឬអត់?៕
Source: Kampuchea Thmey Daily
0 Comments