ប្រដាល់ ៖ ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃKen Sak នារសៀលថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើសង្វៀនខារ៉ាបាវ របស់ SEATV។ ហេង វាសនា និង Ken Sak ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
ជាលើកទី៥ហើយ ដែល ហេង វាសនា ត្រូវគេផ្តល់ឱកាសឲ្យជួបប្រកួតជាមួយអ្នកប្រដាល់បរទេស បន្ទាប់ពីលើកទី១ វាសនា បានវាយឈ្នះថៃ Sak Mongkul ក្នុងទឹកទី២ លើកទី២ បានវាយឈ្នះអ្នកប្រដាល់បារាំងNajib D’jeloudi ដោយពិន្ទុ លើកទី៣ ស្មើ អ៊ីរ៉ង់ Mikaell Ebrahim និងលើកទី៤ ផ្គូឲ្យជួបថៃ Fanemit កាលពីថ្ងៃទី១៤ធ្នូកន្លងទៅនេះ តែពុំមានលទ្ធផល ដោយសារថៃនោះប្រកួតមិនអស់ពីសមត្ថភាព។
ហេង វាសនា គេខ្លាំងគួរសមដែរ។ គេមានបទពិសោធន៍យូរឆ្នាំហើយ ក្នុងការប្រកួត លើសង្វៀន ដោយគេមានកណ្ដាប់ដៃល្អ ជើងទាត់ ក៏ខ្លាំង ហើយវាយចេញចូលរហ័ស ហើយស្នៀត ជង្គង់ កែង ក៏ល្អថែមទៀត។ ហេង វាសនា គេមានប្រវត្តិប្រកួតចំនួន៥៧លើក ឈ្នះ៤២លើក ចាញ់១២លើក និងស្មើ០៣លើក។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា ហេង វាសនា ជួបសំណាងល្អ នៅក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃ Ken Sak នេះឡើយ? ចាំមើល ហេង វាសនា អាចយកឈ្នះ Ken Sak បានឬអត់ សម្រាប់ជំនួបលើកនេះ?។
Ken Sak ជាលើកទី១របស់គេហើយ ដែលមកប្រកួតនៅស្រុកខ្មែរ។ បើតាម លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEA-TVឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតតែចំនួន៥២លើកប៉ុណ្ណោះ ក្នុងនោះ ឈ្នះ៤៤លើក និងចាញ់០៨ មិនដែលស្មើ។
កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម នឹងត្រូវជួបប្រកួតសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់ថៃ Chakphat Luokbouthang ដោយជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។
អ្នកប្រដាល់ថៃ Chakphat ដែល កំពែង ខ្មៅ ត្រូវតស៊ូជាមួយនោះ ជាជើងខ្លាំងទម្ងន់៥៧ គ.ក្រនៅស្រុកថៃ ហើយគេធ្លាប់វាយឈ្នះខ្សែក្រវាត់នៅថៃថែមទៀត ។ អ្នកប្រដាល់ថៃរូបនេះ ពុំធ្លាប់មានប្រវត្តិមកស្រុកខ្មែរនោះទេ។ Chakphat មានប្រវត្តិប្រកួត៥៣លើក ឈ្នះ៤៧លើក ចាញ់០៦លើក និងមិនដែលស្មើ។
ជាលើកទី១៤ របស់ ខាំ ខ្លានាង ដែលបានជួបប្រកួតជាមួយថៃនេះ។ ក្នុង១៣លើកដែលជួបប្រកួតជាមួយថៃនេះ ខ្លានាង វាយឈ្នះ៧លើកនិងចាញ់៦លើក។
កំពែង ខ្មៅ មានកំណត់ត្រាប្រកួតចំនួន៧៤លើក ឈ្នះ៦៣លើក ចាញ់១១លើក និងមិនដែលស្មើ ។ កំពែងខ្មៅ ពីមុន ការប្រកួតនៅក្នុងស្រុក វាយឈ្នះអ្នកប្រដាល់រួមជាតិច្រើនជាងចាញ់ តែមួយរយៈចុងក្រោយនេះ ពោលចាប់ពីគេឡើងទម្ងន់៥៧គីឡូក្រាមមក លទ្ធផលនៃការប្រកួតរបស់គេមិនសូវជាល្អនោះទេ។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាងកំពែង ខ្មៅ និង Chakphat នេះពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ព្រោះថាការប្រកួតគ្នាលើកនេះ កំពែង ខ្មៅ មិនប្រាកដថាឈ្នះ Chakphat នោះទេ ?ព្រោះអ្នកប្រដាល់ថៃនេះ ជាជើងខ្លាំងនៅប្រទេសថៃ ដូច្នេះមិនងាយស្រួលអោយកំពែង ខ្មៅ ស៊ីដោយស្រួលៗនោះទេ។ ចាំមើល កំពែង ខ្មៅ អាចយកឈ្នះ Chakphat បានឬអត់?។
ចំពោះគូប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ថន ភឿត អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ នឹងជួបប្រកួតសាកកណ្ដាប់ដៃជាមួយ ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ជើងចាស់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង។ ពីរនាក់ជួបគ្នាក្នុងទម្ងន់ ៦០គីឡូក្រាម។ ពួកគេពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក។
ថន ភឿត នេះ គេជាអ្នកប្រដាល់ជើងចាស់ដែរ។ គេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំង។ ឯ ណាម ម៉ូរ៉ាក់ គេក៏ជាអ្នកប្រដាល់ជើងចាស់ដែរ។ អ្នកប្រដាល់រូបនេះ ក៏វាយខ្លាំងគួរសមដែរ។ ចាំមើល រវាងថន ភឿត និង ណាម ម៉ូរ៉ាក់ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ?។
អ៊ុង កំសត់ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយសំខាន់ ប៉ាវចិន អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក។ ពួកគេទាំងពីរនេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments